អតិផរណារបស់ប្រទេសម៉ាឡេស៊ីហក់ឡើងដល់… កាលពីខែកក្កដា

0

បរទេស៖ នាយកដ្ឋានស្ថិតិជាតិ (DOSM) ម៉ាឡេស៊ីបានរាយការណ៍កាលពីថ្ងៃទី២៩ ខែសីហាថា អតិផរណារបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ៤,៤% ប្រចាំឆ្នាំកាលពីក្នុងខែកក្កដា ឆ្នាំ២០២២។

ប្រធានផ្នែកស្ថិតិរបស់ DOSM លោក ម៉ូហដ៍ អ៊ូហ្សៀរ ម៉ាហ៊ីឌីន បាននិយាយថា សន្ទស្សន៍ស្បៀងអាហារបានកើនឡើង ៦,៩% ហើយនៅតែជាកត្តារួមចំណែកដ៏សំខាន់ដល់ការកើនឡើងនៃអតិផរណាក្នុងកំឡុងខែនោះ។

លោកបាននិយាយថា ការកើនឡើងនៃអតិផរណារបស់ប្រទេសម៉ាឡេស៊ីក្នុងខែនោះ ក៏ដោយសារតែឥទ្ធិពលមូលដ្ឋានទាបកាលពីឆ្នាំមុនដែលជាលទ្ធផលនៃការបញ្ចុះតម្លៃវិក្កយបត្រអគ្គិសនីពី ៥% ទៅ ៤០% ដោយយោងទៅតាមការប្រើប្រាស់សរុបដែលបានផ្តល់ឱ្យអ្នកប្រើប្រាស់ក្នុងស្រុកក្រោមកញ្ចប់សុខុមាលភាពប្រជាជនជាតិ និងការស្តារសេដ្ឋកិច្ចពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២១។

ក្រៅពីក្រុមអាហារ លោក មូហដ៍ អ៊ូហ្សៀរ បាននិយាយថា ក្រុមផ្សេងទៀតទាំងអស់ក៏បានបន្តកត់ត្រាការកើនឡើងផងដែរ លើកលែងតែការទំនាក់ទំនង ដោយប្រៀបធៀតនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វិស័យភោជនីយដ្ឋាន និងសណ្ឋាគារបានកើនឡើង ៥,៨% បន្ទាប់មកវិស័យដឹកជញ្ជូន ៥,៦% គ្រឿងសង្ហារិម ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងការថែទាំតាមផ្ទះ ៤% ហើយលំនៅដ្ឋាន ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈផ្សេងទៀត ៣,៨% ។

ទន្ទឹមនឹងនេះដែរ សេវាកម្សាន្ត និងវប្បធម៌ក៏បានចុះបញ្ជីនូវការកើនឡើង ២,៥% ហើយទំនិញ និងសេវាកម្មផ្សេងៗ ២,១% និងវិស័យអប់រំ ១,២%។

សេចក្តីថ្លែងការណ៍របស់ DOSM បាននិយាយថា អតិផរណាសម្រាប់ខែមករាដល់ខែកក្កដាបានកើនឡើង ២,៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

នៅលើមូលដ្ឋានប្រចាំខែ អតិផរណាបានកើនឡើង ០,៤% បើធៀបទៅនឹងខែមិថុនា៕

ប្រភព៖ ក្រសួងព័ត៌មាន