ថៃសម្រេចចិត្តរក្សាតម្លៃប្រេងម៉ាស៊ូតត្រឹមតម្លៃ ៣៥បាតក្នុងមួយលីត្រ

0

បរទេស៖ មូលនិធិប្រេងឥន្ធនៈរបស់ប្រទេសថៃបានសម្រេចចិត្តរក្សាតម្លៃលក់រាយប្រេងម៉ាស៊ូតបច្ចុប្បន្នឱ្យនៅតម្លៃ ៣៥បាតក្នុងមួយលីត្រ ក្នុងការប៉ុនប៉ងដើម្បីជួយសម្រួលដល់ការចំណាយខ្ពស់ក្នុងការរស់នៅរបស់ប្រជាជន ចំពេលមានការប្រែប្រួលតម្លៃប្រេងនៅលើពិភពលោក។

យោងតាមលោក វីសាក់ វឌ្ឍនាសាប នាយកការិយាល័យមូលនិធិប្រេងឥន្ធនៈ (OFFO) បានឱ្យដឹងថា តម្លៃប្រេងម៉ាស៊ូតនៅលើពិភពលោកកាលពីថ្ងៃទី២២ ខែសីហា គឺ ១៣៧,៥២ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដែលខ្ពស់ជាងសប្តាហ៍មុន ៦,៥៦ដុល្លារអាម៉េរិកដែលមានតម្លៃត្រឹមតែ ១៣០,៩៦ដុល្លារអាម៉េរិក។

ការកើនឡើងតម្លៃនេះត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការប្រេងនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែសេដ្ឋកិច្ចរបស់ខ្លួនបង្ហាញពីការងើបឡើងវិញ រួមជាមួយនឹងការហាមឃាត់របស់សហភាពអឺរ៉ុបទៅលើប្រេងរបស់រុស្ស៊ី។

បច្ចុប្បន្ននេះ រដ្ឋាភិបាលថៃកំពុងផ្តល់ការឧបត្ថម្ភធនមួយផ្នែកសម្រាប់តម្លៃប្រេងម៉ាស៊ូតដែលមានលើសពី ៣៥បាតក្នុងមួយលីត្រ ដែលរដ្ឋាភិបាលរ៉ាប់រង ៥០% នៃចំនួនដែលលើសនោះ។ វិធានការនេះបានចូលជាធរមានតាំងពីខែកក្កដាមក ហើយនឹងបន្តរហូតដល់ខែកញ្ញាឆ្នាំនេះ។

សមតុល្យហិរញ្ញវត្ថុរបស់ OFFO គិតត្រឹមថ្ងៃទី២១ ខែសីហា គឺនៅកម្រិតអវិជ្ជមាន ១១៨,០១ប៊ីលានបាត ដោយមានចំនួន -៧៦,៧៤ប៊ីលានបាតនៅកម្រិតពណ៌ក្រហមសម្រាប់មូលនិធិប្រេង និង ៤១,២៧ប៊ីលានបាតជាកម្រិតពណ៌ក្រហមសម្រាប់មូលនិធិ LPG៕

ប្រភព៖ ក្រសួងព័ត៌មាន