Lisandro Martinez គឺជាកីឡាករចំណូលថ្មីរបស់ Manchester United ប៉ុន្តែគាត់ហាក់ដូចជាបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមិត្តរួមក្រុមរួចទៅហើយ។ ថ្មីៗនេះ គាត់បានបង្ហាញពីក្តីស្រលាញ់មួយចំនួនចំពោះខ្សែការពារ Eric Bailly ដែលបានចាកចេញ បន្ទាប់ពីកីឡាករអន្តរជាតិកូតឌីវ័ររូបនេះបានបញ្ចប់ការផ្លាស់ប្តូរក្នុងលក្ខខ័ណ្ឌខ្ចីជើងរបស់គាត់ទៅកាន់ Olympique Marseille ។
អតីតខ្សែការពារ Ajax ដែលត្រូវបានទិញដោយបិសាចក្រហមតាមបញ្ជារបស់គ្រូបង្វឹកថ្មីលោក Erik ten Hag គឺជាហេតុផលមួយសម្រាប់ការចាកចេញរបស់ Bailly ។ ជាមួយនឹងការមកដល់របស់ Martinez មានខ្សែការពារកណ្តាលចំនួន 5 នាក់នៅ Manchester United ហើយក្លឹបត្រូវការបញ្ចេញខ្សែការពារមួយចំនួន។
នេះបានធ្វើឱ្យការស្នាក់នៅរយៈពេលប្រាំមួយឆ្នាំរបស់ខ្សែការពារ Bailly នៅ Old Trafford ដល់ទីបញ្ចប់នៅពេលដែលគាត់បានចាកចេញទៅប្រទេសបារាំង។ ក្រោយពីការចាកចេញរបស់គេត្រូវបានគេប្រកាស កីឡាករសញ្ជាតិបារាំងរូបនេះបានចូលទៅកាន់ Instagram ដើម្បីអរគុណដល់ក្រុមគ្រួសារបិសាចក្រហម។ គាត់បានសរសេរថា៖ «អរគុណ Man Utd ចេញពីបេះដូងរបស់ខ្ញុំ»។
មិត្តរួមក្រុមរបស់គាត់បានចូលទៅ comment ដើម្បីជូនពរ Bailly ឱ្យមានសំណាងល្អសម្រាប់អនាគតរបស់គាត់។ មិត្តរួមក្រុមរយៈពេលខ្លី Martinez បានសរសេរថា៖ «សូមឲ្យមិត្តជោគជ័យ»។
ទន្ទឹមនឹងនេះដែរ កីឡាករវ័យក្មេង Anthony Elanga បានហៅកីឡាករអន្តរជាតិកូតឌីវ័រ ថាជា «ពូ»។ ខ្សែប្រយុទ្ធរូបនេះបានសរសេរថា៖ «អរគុណពូសម្រាប់គ្រប់យ៉ាង»។
ប្រធានក្រុម Manchester United និងដៃគូខ្សែការពារកណ្តាល Harry Maguire ក៏ស្ថិតក្នុងចំណោមអ្នកជូនពរផងដែរ។ កីឡាករអន្តរជាតិអង់គ្លេសបានសរសេរថា៖ «សំណាងល្អមិត្តភក្តិ»។
គួររំលឹកឡើងវិញដែរថា ខ្សែការពារកណ្តាលរូបនេះបានបង្ហាញខ្លួនចំនួន 113 ប្រកួតសម្រាប់បិសាចក្រហម បន្ទាប់ពីបានផ្ទេរពីក្លឹប Villarreal ក្នុងតម្លៃ 38 លានអឺរ៉ូកាលពីឆ្នាំ 2016 ។
អ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានរាយការណ៍ផងដែរថា កិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលរបស់ Bailly ទៅ Marseille គឺមានជម្រើសទិញផ្តាច់។ ក្លឹបនៅ Ligue 1 នឹងត្រូវចំណាយប្រាក់ប្រហែល 10 លានអឺរ៉ូ ដើម្បីធ្វើកិច្ចសន្យាអចិន្ត្រៃយ៍ជាមួយ Bailly៕