មានតែប្រទេសចំនួន ៥៨ នៅក្នុង UN ដែលគាំទ្រនឹងសេចក្តីថ្លែងការណ៍ប្រឆាំងរុស្ស៊ីស្តីពីជម្លោះនៅអ៊ុយក្រែន

0

បរទេស៖ សេចក្តីថ្លែងការណ៍រួមមួយប្រឆាំងរុស្ស៊ីស្តីពីជម្លោះនៅអ៊ុយក្រែនដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ដែលត្រូវបានគាំទ្រដោយប្រទេសជាសមាជិកអង្គការសហប្រជាជាតិត្រឹមតែចំនួន ៥៨ប្រទេស ឬតិចជាងមួយភាគបីនៃសមាជិកទាំងអស់ ១៩៣ប្រទេសរបស់អង្គការ UN។

អ្នកតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ លោក ស៊ែរហ្គេយ គីស្ល៊ីតសា បានអានឯកសារនេះដល់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិ ហើយបានដាក់ឈ្មោះរដ្ឋទាំងអស់ដែលគាំទ្រសេចក្តីថ្លែងការណ៍នោះ។ សេចក្តីថ្លែងការណ៍នោះបានថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ី និងអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការប្រយុទ្ធជាបន្ទាន់។

ក្នុងចំណោមប្រទេសហត្ថលេខីនៃសេចក្តីថ្លែងការណ៍នោះ រួមមានបណ្តាប្រទេសនៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហ្សកជៀ តួកគី បណ្តាប្រទេសមួយចំនួននៅអាស៊ី និងអាមេរិកឡាទីន។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសប្រតិបត្តិការយោធាពិសេសមួយដើម្បីឆ្លើយតបទៅនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋប្រជាមានិតដុនបាសស៍។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនទេ ប៉ុន្តែមានគោលបំណងធ្វើឱ្យប្រទេសនោះគ្មានយោធា។ បន្ទាប់ពីនោះមក បណ្តាប្រទេសលោកខាងលិចបានចាប់ផ្តើមដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទ្រង់ទ្រាយធំ និងបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ យោងតាមអ្នកនយោបាយលោកខាងលិចបានឱ្យដឹងថា វាគឺជាសង្រ្គាមសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីបានកត់សម្គាល់កាលពីថ្ងៃទី១៦ ខែមីនាថាគោលនយោបាយដាក់ទណ្ឌកម្មរបស់លោកខាងលិចមានសញ្ញាទាំងអស់នៃការឈ្លានពាន។ តាមសម្ដីរបស់លោកបានឱ្យដឹងថា គោលនយោបាយទប់ស្កាត់រុស្ស៊ីជាយុទ្ធសាស្ត្ររយៈពេលវែងរបស់លោកខាងលិច៕

ប្រភព៖ ក្រសួងព័ត៌មាន