បរទេស៖ យោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី (MTI) បានឱ្យដឹងថា ប្រទេសសិង្ហបុរី និងប្រ៊ុយណេ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល សេដ្ឋកិច្ចបៃតង និងការផ្គត់ផ្គង់អាហារ និងវេជ្ជសាស្ត្រ។
ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួនពីរកាលពីថ្ងៃទី២៤ ខែសីហា នៅខាងក្រៅដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់ស្តេច ស៊ុលតង់ ហាស់សាណាល់ បុលគាហ៍ របស់ប្រ៊ុយណេនៅក្នុងប្រទេសសិង្ហបុរី។
MoU ទាំងនោះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក ហ្កាន គីមយ៉ុង និងរដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្ត្រីប្រ៊ុយណេ លោក ដាទុក ស៊េរី សេទៀ ឌីអ អាវ៉ាង ហាជី ម៉ូហដ៍ អាមីន អាប់ឌុលឡាហ៍ ដែលជារដ្ឋមន្ត្រីទីពីរនៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចផងដែរ។
រដ្ឋមន្ត្រីទាំងពីរក៏បានព្រមព្រៀងគ្នាបង្កើតគណៈកម្មការចម្រុះមួយដែលដឹកនាំដោយក្រសួង MTI និងក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសប្រ៊ុយណេ ដើម្បីត្រួតពិនិត្យមើលការអភិវឌ្ឍដែលមានចែងក្នុង MOU ទាំងនោះ។
លោក ហ្កាន បាននិយាយថា ការចុះហត្ថលេខាលើអនុស្សរណៈទាំងពីរនោះ ជាការបង្ហាញពីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរឆ្ពោះទៅកាន់អនាគតប្រកបដោយចីរភាព និងភាពធន់។
ប្រទេសសិង្ហបុរី និងប្រ៊ុយណេ នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួន ដូចជាវិស័យបច្ចេកវិទ្យាកាបូនទាប និងការចាប់យក និងស្តុកកាបូនជាដើម ដោយមានគោលបំណងសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តស្តីពីអាកាសធាតុរបស់ប្រទេសទាំងពីរ។
ពួកគេក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពធន់នៃការផ្គត់ផ្គង់អាហារ និងវេជ្ជសាស្ត្រផងដែរ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍសមត្ថភាព និងលទ្ធភាពសម្រាប់ការគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាមានវិបត្តិ ដូចជាការសម្របសម្រួលចលនាប្រកបដោយប្រសិទ្ធភាពនៃផលិតផលចំណីអាហារ និងផលិតផលវេជ្ជសាស្រ្តរវាងប្រទេសសិង្ហបុរី និងប្រ៊ុយណេ។
ពាណិជ្ជកម្មសរុបរបស់ប្រទេសសិង្ហបុរីជាមួយប្រ៊ុយណេបានកើនឡើង ២៤% ពីឆ្នាំ២០២០ ដល់តម្លៃ ២,៧ប៊ីលានដុល្លារអាម៉េរិកកាលពីក្នុងឆ្នាំ២០២១៕
ប្រភព៖ ក្រសួងព័ត៌មាន