បរទេស៖ ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងលើសពី ៦០០លាននាក់។ នេះបើយោងតាមការគណនារបស់សារព័ត៌មានតាសស៍ដោយផ្អែកទៅលើស្ថិតិផ្លូវការដែលបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដ៏ធំ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនអាចនិយាយបានទេថា មានមនុស្សប៉ុន្មាននាក់បានឆ្លងជំងឺកូវីដ-១៩ នោះទេ ព្រោះស្ថិតិផ្លូវការរាប់បញ្ចូលតែករណីឆ្លងដែលត្រូវបានបញ្ជាក់ ខណៈដែលមនុស្សជាច្រើនបានកើតជំងឺនេះពីរ ឬបីដង។
ប្រទេសចំនួនប្រាំបីមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងពាក់កណ្តាលនៃករណីសរុបនេះ។ ប្រទេសទាំងនោះ រួមមានសហរដ្ឋអាមេរិក (ប្រហែល ៩៤លាននាក់) ឥណ្ឌា (៤៤លាននាក់) បារាំង (៣៥លាននាក់) ប្រេស៊ីល (៣៤លាននាក់) អាល្លឺម៉ង់ (៣២លាននាក់) ចក្រភពអង់គ្លេស (២៤លាននាក់) កូរ៉េខាងត្បូង (២៣លាននាក់) និងអ៊ីតាលី (២២លាននាក់)។ អត្រាឆ្លងខ្ពស់បំផុតក្នុងចំណោមមនុស្ស ១០០ ០០០នាក់ត្រូវបានរាយការណ៍ពីប្រទេសស្លូវេនី (៥៣ ៧០០នាក់) អូទ្រីស (៥៣ ០០០នាក់) និងព័រទុយហ្គាល់ (៥៣ ៣០០នាក់)។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានលើសពី ៦,៤លាននាក់នៅទូទាំងពិភពលោក។ នាពេលបច្ចុប្បន្ននេះ អត្រាមរណៈ ១,០៨% ជាអត្រាទាបបំផុតក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ចាប់តាំងពីខែធ្នូឆ្នាំមុនមក អត្រាមរណភាពមានការកើនឡើងគួរឱ្យកត់សម្គាល់។
ចំនួនអ្នកស្លាប់ច្រើនបំផុតត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក (១,០៦លាននាក់) ប្រេស៊ីល (៦៨៣ ០០០នាក់) និងឥណ្ឌា (៥២៧ ០០០នាក់)។ បើនិយាយពីអត្រាមរណៈខ្ពស់បំផុត គឺនៅប្រទេសប៉េរូ (៦៣៥ នាក់ក្នុងចំណោម ១០០ ០០០នាក់) ប៊ុលហ្គារី (៥៤៩នាក់) បូស្នៀ-ហឺហ្សេហ្គោវីណា (៤៩៥នាក់) និងហុងគ្រី (៤៩៣នាក់)៕
ប្រភព៖ ក្រសួងព័ត៌មាន