បរទេស៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសហ្វីលីពីនបានរាយការណ៍កាលពីថ្ងៃទី២៥ ខែសីហាថា ព្យុះត្រូពិចម៉ា-អន បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសហ្វីលីពីន។
ព្យុះនោះមានកម្លាំងខ្យល់បក់ក្នុងល្បឿន ១១០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបោកបក់នៅក្នុងប្រទេសហ្វីលីពីនភាគឦសានកាលពីថ្ងៃទី២៣ ខែសីហា។
ព្យុះនោះបាននាំមកនូវភ្លៀងធ្លាក់ជាខ្លាំងដែលបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងច្រើនកន្លែង ដែលប៉ះពាល់ដល់ប្រជាជនប្រមាណជិត ៥០ ០០០នាក់នៅក្នុងភូមិចំនួន ៤០០ ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង និងកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនង និងអគ្គិសនី។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ រ៉ូម៉លដេហ្ស៍ ម៉ាកូស បានប្រកាសបិទការិយាល័យរដ្ឋាភិបាល និងសាលារដ្ឋនៅក្នុងតំបន់រដ្ឋធានី និងខេត្តជាប់នោះពីថ្ងៃទី២៣-២៤ ខែសីហា។
ព្យុះត្រូពិចម៉ា-អន គឺជាព្យុះទីហ្វុងទីប្រាំមួយដែលបានវាយប្រហារនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះក្នុងឆ្នាំនេះ។ កាលពីខែមេសា ព្យុះទីហ្វុងមេគីបានបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តជាប់មាត់សមុទ្រ ដែលបានសម្លាប់មនុស្ស ២២៤នាក់ និងមនុស្ស ១៤៧នាក់បាត់ខ្លួន៕
ប្រភព៖ ក្រសួងព័ត៌មាន