បន្ទាយមានជ័យ ៖ មានហេតុការណ៍ផ្ទុះមីនកក្រើកព្រៃក្បែរព្រំដែនកម្ពុជា-ថៃ បង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារតែសត្វគោរបស់ប្រជាពលរដ្ឋថៃ០១ក្បាល ក្នុងចំណោមគោ០១ហ្វូងដើរស៊ីស្មៅជាន់មីន បណ្តាលឲ្យផ្ទុះ នាវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅជិតព្រំដែនកម្ពុជា-ថៃ ក្នុង ភូមិល្បើកស្វាយ ឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ(ខាងកម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំ/ស្រុកឃោគស៊ូង ខេត្តស្រះកែវ (ខាងថៃ) ។ នេះបើយោងតាមរបាយការណ៍របស់នគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងនៅថ្ងៃនេះ ។
លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានសត្វគោរបស់ពលរដ្ឋថៃ១ហ្វូង ដើរស៊ីស្មៅនៅជិតព្រំដែន ក្នុងភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំ /ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ(ខាងកម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំ/ស្រុកឃោគស៊ូង ខេត្តស្រះកែវ (ខាងថៃ) ។ លុះនៅវេលាម៉ោង១៣និង៥០នាទីរសៀល បានដើរជាន់ផ្ទុះបណ្តាលឲ្យផ្ទុះស្លាប់ខ្ទេចខ្លួន០១ក្បាល និងគោផ្សេងទៀតបានផ្អើលរត់ចេញក្រៅចំការអស់ ។
ករណីនេះ កម្លាំងសមត្ថកិច្ច និងម្ចាស់គោមិនអាចចូលដល់ចំណុចកើតហេតុបានឡើយ ព្រោះកន្លែង ជាតំបន់ចំការមីន(រ៉បបន្ទាត់ព្រំដែន) ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ