នាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា ត្រូវផ្អាកការងារជាបណ្តោះអាសន្ន ដើម្បីរង់ចាំសាលក្រមពីតុលាការ

0

បរទេស៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានទទួលយកសំណើរបស់គណបក្សប្រឆាំងក្នុងការបកស្រាយចំពោះការកាន់តំណែងរបស់នាយករដ្ឋមន្ត្រីថៃ និងបានបញ្ជាឱ្យនាយករដ្ឋមន្ត្រីរូបនោះព្យួរតួនាទីជាបណ្តោះអាសន្នសម្រាប់ពេលបច្ចុប្បន្ន។ ដីកាផ្អាកការងារនោះនឹងនៅមានជាធរមានរហូតដល់តុលាការសម្រេចសាលក្រមថា តើលោកនាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បានកាន់តំណែងជាង ៨ឆ្នាំឬអត់។

តុលាការធម្មនុញ្ញបានទទួលយកជាឯកច្ឆ័ន្ទនូវសំណើរបស់សមាជិកសភារបស់គណបក្សប្រឆាំងចំនួន ១៧១រូប ដើម្បីបកស្រាយរយៈពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីថៃ។ ចៅក្រមតុលាការធម្មនុញ្ញក៏បានចេញដីកាបង្គាប់ឱ្យលោកឧត្តមសេនីយ៍ ប្រាយុធ ផ្អាកការបំពេញតួនាទីជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃនេះតទៅ។ ដីកានេះនឹងបន្តចូលជាធរមានរហូតដល់តុលាការចេញសេចក្តីសម្រេចទៅលើរយៈពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីរូបនោះនៅក្នុងសាលក្រមដែលរំពឹងទុកថានឹងត្រូវបានចេញនៅក្នុងខែកញ្ញា។

តុលាការបានកត់សម្គាល់ថា ការស្នើសុំបកស្រាយនេះ គឺស្របតាមផ្នែកទី១៧០ នៃធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ។ ការស្នើសុំនេះក៏បានទាមទារឱ្យលោកឧត្តមសេនីយ ប្រាយុធ ផ្តល់ការពន្យល់របស់លោកទៅកាន់តុលាការក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីទទួលបានច្បាប់ចម្លងនៃឯកសារស្នើសុំនេះផងដែរ។

ជាការឆ្លើយតបទៅនឹងដីការបស់តុលាការនោះ ឧបនាយករដ្ឋមន្ត្រីថៃ លោក វីសានុ គ្រាង៉ាម បាននិយាយថា លោកឧត្តមសេនីយ៍ ប្រាយុធ ត្រូវតែផ្អាកការងាររបស់លោកចាប់ពីថ្ងៃនេះតទៅ ហើយថែមទាំងផ្តល់ការបំភ្លឺដល់តុលាការក្នុងរយៈពេល ១៥ថ្ងៃ។ លោកបណ្ឌិត វីសានុ បាននិយាយបន្ថែមថា ក្រុមអ្នកច្បាប់របស់នាយករដ្ឋមន្ត្រីបានរៀបចំសេចក្តីថ្លែងការណ៍បំភ្លឺរបស់ខ្លួនរួចហើយ បើទោះបីជាមានការកែប្រែខ្លះក្នុងករណីមានភាពចាំបាច់ក៏ដោយ។

លោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ ក្នុងតួនាទីជាឧបនាយករដ្ឋមន្ត្រីទីមួយនឹងបំពេញតួនាទីជំនួសនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនោះដែរ លោកបណ្ឌិត វីសានុ បានធានាថា គណៈរដ្ឋមន្ត្រីនឹងនៅតែមិនមានការផ្លាស់ប្តូរ ព្រោះថាលោកឧត្តមសេនីយ ប្រាយុធ មិនត្រូវបានដកចេញពីមុខតំណែងទេ គឺគ្រាន់តែព្យួរការងាររបស់លោកប៉ុណ្ណោះ។ លោកឧត្តមសេនីយ ប្រាយុធ ក៏នឹងអាចបន្តធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។

លោកបណ្ឌិត វីសានុ ក៏បានពន្យល់ផងដែរថា តំណែងនាយករដ្ឋមន្ត្រីស្តីទីអាចនឹងត្រូវបានបំពេញដោយបុគ្គលផ្សេងទៀត ប្រសិនបើលោកឧត្តមសេនីយ៍ ប្រាវីត មិនអាចធ្វើបាន បើទោះបីជាលោកមើលមិនឃើញហេតុផលថា រឿងនោះនឹងកើតឡើងក៏ដោយ។ លោកបាននិយាយបន្ថែមថា នាយករដ្ឋមន្ត្រីស្តីទីមានអំណាចក្នុងការរំលាយសភា ប៉ុន្តែលោកថាលោកមិនមើលឃើញអំពីហេតុអ្វីដែលត្រូវសម្រេចបែបនេះនោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន