ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់តួកគី សម្លាប់មនុស្ស ២នាក់ និងរបួស ៧នាក់

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន ANHA បានរាយការណ៍កាលពីថ្ងៃពុធថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់តួកគីនៅក្នុងខេត្តអាឡិបប៉ូនៅភាគខាងជើងប្រទេសស៊ីរី បានសម្លាប់មនុស្ស ២នាក់ និងរបួស ៧នាក់ផ្សេងទៀត ដែលរួមមានទាំងស្ត្រី និងកុមារផងដែរ។

ការរាយការណ៍នោះបាននិយាយថា ជនរងគ្រោះស្លាប់នោះមានម្នាក់ឈ្មោះ រ៉ាស៊ីដ អាលីកូ មានអាយុ ២៨ឆ្នាំ ខណៈម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ការរាយការណ៍នោះបាននិយាយថា ក្នុងចំណោមអ្នកដែលរងរបួសទាំងនោះ រួមមានកុមារអាយុ ១៣ឆ្នាំម្នាក់ និងស្ត្រីអាយុ ២១ឆ្នាំម្នាក់។ ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកហ្វាហ្វ៊ីន។

កាលពីចុងខែមិថុនា ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើប្រតិបត្តិការយោធាថ្មីមួយនៅក្នុងប្រទសស៊ីរីភាគខាងជើងប្រឆាំងនឹងគណបក្សពលករឃឺដ ដែលត្រូវបានកំណត់ដោយទីក្រុងអង់ការ៉ាថាជាក្រុមភេរវករ។ ចាប់តាំងពីឆ្នាំ២០១៦ មក ប្រទេសតួកគីបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មចំនួន ៤លើកហើយនៅក្នុងប្រទេសស៊ីរី៕

ប្រភព៖ ក្រសួងព័ត៌មាន