ប្រទេសបង់ក្លាដែស សម្រេចធ្វើរឿងនេះ ដើម្បីសន្សំសំចៃថាមពល

0

បរទេស៖ ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសបង់ក្លាដែសនៅក្នុងខែកញ្ញាខាងមុខ ដើម្បីចាប់ផ្តើមកិច្ចចរចារសម្រាប់ប្រាក់កម្ចីចំនួន ៤,៥ប៊ីលានដុល្លារអាម៉េរិកសម្រាប់ប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះ ដោយសារតែបានមើលឃើញនូវការធ្លាក់ចុះនៃទុនបម្រុងការប្តូរប្រាក់បរទេសដោយសារការឡើងថ្លៃនៃការនាំចូលទំនិញ រួមទាំងប្រេងឆៅ។

ប្រទេសបង់ក្លាដែសបានកំណត់ម៉ោងសិក្សា និងម៉ោងធ្វើការងារឡើងវិញចាប់ពីថ្ងៃទី២៤ ខែសីហា ក្នុងគោលបំណងដើម្បីសន្សំសំចៃថាមពល ខណៈដែលវិបត្តិថាមពលដែលបង្ខំឱ្យរដ្ឋាភិបាលដាក់ចេញនូវការផ្តាច់ចរន្តអគ្គិសនីជាកាតព្វកិច្ចប្រចាំថ្ងៃកាលពីក្នុងខែកក្កដាកាន់តែអាក្រក់ទៅៗ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលបានឱ្យដឹងថា ការិយាល័យរដ្ឋាភិបាល ពាក់កណ្តាលរដ្ឋាភិបាល ស្វយ័ត និងពាក់កណ្តាលស្វយ័តទាំងអស់ នឹងនៅតែបើកសម្រាប់រយៈពេលប្រាំពីរម៉ោងជំនួសឱ្យចំនួនប្រាំបីកាលពីមុន។ ការិយាល័យទាំងនោះក៏នឹងបើកមួយម៉ោងមុនជាងពេលធម្មតា គឺនៅម៉ោង ៩:០០ព្រឹក។

សាលារៀនទាំងអស់នឹងនៅតែបិទនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍រហូតដល់មានការណែនាំបន្ថែម។ នៅក្រោមកាលៈទេសៈធម្មតា សាលារៀននៅប្រទេសបង់ក្លាដែសបើករយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃសៅរ៍ដល់ថ្ងៃព្រហស្បតិ៍។

លោក ហ្វារហាដ ហូសសេន រដ្ឋមន្ត្រីរដ្ឋទទួលបន្ទុករដ្ឋបាលសាធារណៈបាននិយាយកាលពីថ្ងៃពុធថា «ការកាត់បន្ថយម៉ោងធ្វើការចំនួនមួយម៉ោងនឹងជួយសន្សំសំចៃអគ្គិសនី ដែលនឹងប្រើប្រាស់សម្រាប់ផលិតកម្មរោងចក្រ»។

រដ្ឋមន្ត្រីរូបនោះបានសន្យាថា ម៉ោងការងារថ្មីនឹងមិនកាត់បន្ថយផលិតភាពនោះទេ។

ប្រទេសដែលមានប្រជាជនចំនួន ១៦០លាននាក់នេះបាននឹងកំពុងប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈ និងស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានបង្កឡើងដោយសារតែការកើនឡើងនៃតម្លៃទំនិញនៅលើទីផ្សារអន្តរជាតិ។

ប្រជាជាតិនៅតំបន់អាស៊ីខាងត្បូងមួយនេះត្រូវរក្សាទុកទុនបម្រុងប្តូរប្រាក់បរទេសរបស់ខ្លួនដែលបានធ្លាក់ចុះដល់តម្លៃ ៤០ប៊ីលានដុល្លារអាម៉េរិកកាលពីខែមុន ដើម្បីការពារខ្លួនពីការខកខានក្នុងការសងបំណុលបរទេស៕

ប្រភព៖ ក្រសួងព័ត៌មាន