បាត់ដំបង៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី មានករណីកុមារាកុមារី ចំនួន ០២ នាក់ លង់ទឹកស្រះបានស្លាប់បាត់បង់ជីវិត ត្រង់ចំណុចក្រុមទី១៧ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ អ៊ូច សៀន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាជីតាបង្កើតរបស់ជន រងគ្រោះ បានអោយដឹងថា កាលថ្ងៃកើតហេតុ វេលាម៉ោង១៤និង៣០ នាទី ខ្លួនបានទៅឃ្វាលគោនៅស្រែខាងកើតផ្ទះក៏ស្រាប់តែឈ្មោះ អឿ ឈុន ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដែលត្រូវជាយាយបង្កើតជនរងគ្រោះ បានតេទូរស័ព្ទមកថាបាត់ចៅស្រីឈ្មោះ ណាំង ស្រីនិច្ច អាយុ ០៥ឆ្នាំ និងចៅប្រុសឈ្មោះ រតនា ប៊ុនថៃ ភេទប្រុស អាយុ ០៤ឆ្នាំ បន្ទាប់មកខ្លួនក៏បានរត់មកផ្ទះជួយរកចៅ លុះរករហូតដល់មាត់ស្រះចម្ងាយពីផ្ទះប្រហែល ១០ម៉ែត្រ ក៏ឃើញស្បែកជើងនៅមាត់ស្រះ ហើយខ្លួនក៏ចុះមុជរាវរកក្នុងទឹកស្រះបានប្រហែល ០២នាទី ក៏រាវរកឃើញចៅទាំង ០២នាក់ ហើយក៏ស្រង់យកមកធ្វើចលនានិងបញ្ជូនបន្តទៅមន្ទីរពេទ្យឃុំល្វា ស្រុកបវេល ប៉ុន្តែពេទ្យបានប្រាប់ថាស្លាប់បាត់ហើយ។ ជនរងគ្រោះទី១.ឈ្មោះ ណាំង ស្រីនិច្ច ភេទស្រី អាយុ ០៥ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងទី២.ឈ្មោះ រតនា ប៊ុនថៃ ភេទប្រុស អាយុ ០៤ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា (ត្រូវជាបងប្អូនជីដូនមួយនិងគ្នា)។ ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើកុមាររងគ្រោះទាំង២នាក់ខាងលើ ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែនក្រោមការធ្វេសប្រហែសរបស់អាណាព្យាបាល។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ