បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងបទអត្ថាធិប្បាយមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពនៅឧបទ្វីបកូរ៉េដែលកាន់តែយ៉ាប់យ៉ឺនទៅ ពាក់ព័ន្ធនឹងការបន្តធ្វើសមយុទ្ធយោធារួមគ្នាដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
អ្នកការទូតរូបនោះបានចង្អុលបង្ហាញថា «យើងមានការព្រួយបារម្ភអំពីស្ថានភាពដែលកំពុងកើតឡើងនៅឧបទ្វីបកូរ៉េ ដែលបានកើនឡើងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការបន្តធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាការចែកចាយសម្ភារៈឃោសនាដល់កូរ៉េខាងជើងពីកូរ៉េខាងត្បូង»។
យោងតាមលោកស្រី ហ្សាខារ៉ូវ៉ា បានឱ្យដឹងថា ទីក្រុងមូស្គូចាត់ទុកសកម្មភាពដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងទីក្រុងព្យុងយ៉ាង ថាជាការប្រឆាំង និងមានគ្រោះថ្នាក់។ យើងមើលឃើញពីភាពអវិជ្ជមានទៅលើជំហានដែលនាំទៅរកការកើនឡើងនៃភាពតានតឹង។ សេចក្តីអធិប្បាយនោះបានកត់សម្គាល់ថា ក្នុងនាមជារដ្ឋជាប់ព្រំដែនឧបទ្វីបកូរ៉េ រុស្ស៊ីចាប់អារម្មណ៍ក្នុងការរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពយូរអង្វែងនៅទីនោះ ហើយអនុគ្រោះដល់ការលើកកម្ពស់កិច្ចសន្ទនា និងការធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញរវាងប្រទេសកូរ៉េទាំងពីរដោយគ្មានការជ្រៀតជ្រែកពី កម្លាំងខាងក្រៅ និងអនុគ្រោះដោះស្រាយបញ្ហានៃអនុតំបន់តាមរយៈមធ្យោបាយការទូតដោយសន្តិវិធី»។
លោកស្រី ហ្សាខារ៉ូវ៉ា ក៏បានរំលឹកឡើងវិញផងដែរនូវគំនិតផ្តួចផ្តើមរបស់រុស្ស៊ី-ចិន ក្នុងគោលបំណងដោះស្រាយស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ ដូចជាផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពសម្រាប់ការដោះស្រាយយ៉ាងទូលំទូលាយនៃបញ្ហាឧបទ្វីបកូរ៉េជាដើម។ អ្នកនាំពាក្យក្រសួងការបរទសរុស្ស៊ីរូបនោះបាននិយាយនៅក្នុងបទអត្ថាធិប្បាយនោះថា «យើងសូមអំពាវនាវឱ្យចាប់ផ្តើមកិច្ចសន្ទនានយោបាយសំខាន់ៗដោយផ្អែកទៅលើឯកសារទាំងនោះ ដើម្បីកសាងប្រព័ន្ធសន្តិភាព និងសន្តិសុខនៅក្នុងអនុតំបន់ ដែលនឹងធានាដល់ផលប្រយោជន៍ផ្លូវច្បាប់របស់រដ្ឋទាំងអស់ដែលពាក់ព័ន្ធ»៕
ប្រភព៖ ក្រសួងព័ត៌មាន