ប្រទេសមួយទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ លុបចោលលក្ខខណ្ឌពាក់ម៉ាស់

0

បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរីបាននិយាយកាលពីថ្ងៃទី២៤ ខែសីហាថា ប្រទេសសិង្ហបុរីនឹងលុបចោលលក្ខខណ្ឌតម្រូវឱ្យពាក់ម៉ាស់នៅបរិវេណខាងក្នុង ចាប់ពីថ្ងៃទី២៩ ខែសីហាតទៅ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះមានស្ថិរភាព។

នេះជាលើកដំបូងហើយក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ដែលប្រជាជនក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងមិនត្រូវបានតម្រូវឱ្យពាក់ម៉ាស់នៅបរិវេណខាងក្នុងទៀត លើកលែងតែការធ្វើដំណើរនៅទីសាធារណៈ និងនៅក្នុងកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាកន្លែងថែទាំសុខភាពជាដើម។

ក្រសួងនោះក៏បានធ្វើបច្ចុប្បន្នភាពផងដែរនូវច្បាប់សម្រាប់អ្នកទេសចរចូលទៅទស្សនាប្រទេសសិង្ហបុរីដែលមិនបានចាក់វ៉ាក់សាំង ដោយបន្ថយលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមរយៈពេល ៧ថ្ងៃ ចាប់ពីសប្តាហ៍ក្រោយទៅ។

ប្រទេសសិង្ហបុរីបានលុបចោលវិធានការភាគច្រើននៃការទប់ស្កាត់ជំងឺរាតត្បាត រួមទាំងវិធានការរឹតបន្តឹងចំពោះការធ្វើដំណើរផងដែរតាំងពីដើមឆ្នាំនេះមក។

យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី លោក អុង យេគង់ បានឱ្យដឹងថា ប្រហែល ៧០% នៃប្រជាជនសរុបដែលមានចំនួន ៥,៥លាននាក់របស់ប្រទេសនេះ បានឆ្លងជំងឺកូវីដ-១៩ ហើយអត្រានៃការឆ្លងឡើងវិញគឺទាបណាស់។

ប្រទេសសិង្ហបុរីបានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានជាង ៩០% ហើយជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩ ទាបបំផុតក្នុងពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន