ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ)អ្នកដំណើរ នៅត្រង់ចំណុចខាងកើតតាក្រហមក ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិ ព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។
ជនរងគ្រោះឈ្មោះ សេង សុខឡៃ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិខ្នុរអំពិល ឃុំវាល ពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យមានឈ្មោះ សេង សុវណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់និងដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ស-លាយ ក្រហម ពាក់ស្លាកលេខភ្នំពេញ 1JP-6254 ទូរស័ព្ទដៃម៉ាក Iphone X ពណ៌ទឹកមាស ចំនួន០១គ្រឿង ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះ សេង សុវណ្ណឌី និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវ ច្បាប់តែម្តង ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ