រកឃើញករណីជំងឺអ៊ីបូឡា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

0

បរទេស៖ ក្រសួងសុខាភិបាលរបស់សាធារណរដ្ឋប្រជាមានិតកុងហ្គោ (DRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានបញ្ជាក់ពីករណីថ្មីនៃជំងឺអ៊ីបូឡានៅក្នុងខេត្តគីវូខាងជើងដែលស្ថិតនៅភាគឦសាននៃប្រទេសនេះ។

ក្រសួងនោះបាននិយាយថា ប្រទេសនៅទ្វីបអាហ្រ្វិកនេះបានចុះបញ្ជីនូវករណីថ្មីនៃជំងឺអ៊ីបូឡាកាលពីថ្ងៃទី១៧ ខែសីហា នៅតំបន់សុខភាពបេនីនៃខេត្តគូវូខាងជើង នៅលើស្ត្រីម្នាក់អាយុ ៤៦ឆ្នាំ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបេនីកាលពីចុងខែកក្កដា ហើយបានស្លាប់កាលពីថ្ងៃទី១៥ ខែសីហា នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

ការធ្វើតេស្តជាបន្តបន្ទាប់បានបង្ហាញថា ករណីនេះត្រូវបានផ្សារភ្ជាប់ហ្សែនទៅនឹងការផ្ទុះឡើងដ៏ធំកាលពីក្នុងឆ្នាំ២០១៨-២០២០ ដែលផ្ទុះឡើងខ្លាំងនៅក្នុងខេត្តគូវូខាងជើង និងខេត្តអ៊ីទូរី។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងដ៏ធំនោះ មនុស្សចំនួន ៣ ៤៧០នាក់បានឆ្លងជំងឺអ៊ីបូឡានេះ និងអ្នកជំងឺចំនួន ២ ២៨៧នាក់បានស្លាប់។

ក្រសួងនោះបាននិយាយថា «ជាមួយនឹងបទពិសោធន៍ដែលទទួលបានក្នុងការគ្រប់គ្រងជំងឺអ៊ីបូឡា និងជាមួយនឹងភាពអាចរកបាននៃវ៉ាក់សាំង និងម៉ូលេគុលព្យាបាល ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត និងតំបន់សុខភាពបេនី បានធ្វើការងារនៅក្នុងមូលដ្ឋានរួចហើយដើម្បីអនុវត្តសកម្មភាពឆ្លើយតប»។

នៅថ្ងៃទី៤ ខែកក្កដា DRC បានប្រកាសពីការបញ្ចប់នូវការផ្ទុះឡើងនៃជំងឺអ៊ីបូឡាចុងក្រោយបង្អស់ដែលបានផ្ទុះឡើងតិចជាងបីខែមុននៅទីក្រុងអឹមបាន់ដាកានៃខេត្តអេកាទ័រនៅភាគពាយ័ព្យ។ មានករណីចំនួនបួនត្រូវបានបញ្ជាក់ ហើយករណីទាំងអស់នោះបានស្លាប់ក្នុងអំឡុងពេលនៃការផ្ទុះឡើងនោះ។ វាជាការផ្ទុះឡើងលើកទីបីហើយនៅក្នុងខេត្តនេះចាប់តាំងពីឆ្នាំ២០១៨ មក និងជាលើកទី១៤ របស់ប្រទេសមួយនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន