បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក មេវលុត កាវូសូគ្លូ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសមួយចំនួនដែលជាសមាជិកអង្គការណាតូចង់ឱ្យជម្លោះនៅអ៊ុយក្រែននៅតែបន្ត។
លោកបាននិយាយក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ហាបឺរក្លូបលថា «មានប្រទេសមួយចំនួននៅលោកខាងលិចដែលចង់ឱ្យសង្រ្គាមនៅតែបន្ត ដោយមានរដ្ឋជាសមាជិកណាតូក្នុងចំណោមប្រទេសទាំងនោះដែរ។ ខ្ញុំមានន័យថា មិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានបណ្តាប្រទេសជាសមាជិកណាតូផងដែរ ហើយមានប្រទេសដែលចង់បំផ្លាញកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែរ។ សហរដ្ឋអាមេរិកបានចូលរួមចំណែកដល់ការបញ្ចប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ រួមទាំងការដកចេញនូវវិធានការរឹតបន្តឹងទៅលើការនាំចេញជីរបស់រុស្ស៊ី ការបិទច្រក និង [ការរឹតបន្តឹងការដកប្រាក់] ទៅលើប្រតិបត្តិការធនាគារ។ ប៉ុន្តែក៏មានបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបដែលចង់បំផ្លាញរឿងនេះ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ជាការឆ្លើយតបទៅនឹងសំណើរបស់ប្រមុខនៃសាធារណរដ្ឋប្រជាមានិតដុនបាសស៍ លោកបានធ្វើការសម្រេចចិត្តក្នុងការធ្វើប្រតិបត្តិការយោធាពិសេសមួយដើម្បីការពារប្រជាជនដែលទទួលរងការរំលោភបំពាន និងអំពើប្រល័យពូជសាសន៍ដោយរបបទីក្រុងកៀវរយៈពេលប្រាំបីឆ្នាំកន្លងមក។ ក្រោយមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រកាសដាក់ទណ្ឌកម្មទៅលើរុស្ស៊ី និងបង្កើនការបញ្ជូនអាវុធទៅឱ្យទីក្រុងកៀវ៕
ប្រភព៖ ក្រសួងព័ត៌មាន