បរទេស៖ សារព័ត៌មានវៀងច័ន្ទន៍ថែមស៍បានរាយការណ៍ថា ប្រទេសឥណ្ឌាកំពុងស្វែងរកការពង្រីកផ្លូវល្បៀនលឿនត្រីភាគីរវាងឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ឆ្ពោះទៅកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីបង្កើនការតភ្ជាប់នៅក្នុងតំបន់។
ផ្លូវនេះនឹងត្រូវពង្រីកបន្ថែមទៀតពីចម្ងាយ ១ ៤០០គីឡូម៉ែត្រទៅដល់ ៣ ២០០គីឡូម៉ែត្រ ដែលជួយជំរុញពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និងអាស៊ាន។
យោងតាមសារព័ត៌មាននោះបានឱ្យដឹងថា ផ្លូវល្បឿនលឿនដែលជាផ្នែកមួយនៃគោលនយោបាយសម្លឹងឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា នឹងតភ្ជាប់ទីក្រុងម៉ូរ៉េនៅភាគឦសាននៃប្រទេសឥណ្ឌាជាមួយនឹងទីក្រុងមេសតនៅភាគខាងលិចប្រទេសថៃដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា។ ផ្លូវល្បឿនលឿនភាគច្រើនត្រូវបានបញ្ចប់រួចរាល់ហើយ។
ការបង្កើនការតភ្ជាប់នេះនឹងអាចធ្វើឱ្យតំបន់ភាគឦសានរបស់ប្រទេសឥណ្ឌាអាចនាំចេញធនធានធម្មជាតិកាន់តែច្រើនទៅកាន់បណ្តាប្រទេសនៅអាស៊ាន ជាពិសេសឧស្ម័នធម្មជាតិ និងប្រេង។
អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ឥណ្ឌា។ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទីប្រាំពីរ និងជាប្រភពវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេលំដាប់ទីប្រាំពីរក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាននៅក្នុងឆ្នាំ២០២០។ តម្លៃពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌាបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយឈានដល់ជាង ៩១ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំមុន៕
ប្រភព៖ ក្រសួងព័ត៌មាន