បរទេស៖ អាជ្ញាធរសុខាភិបាលរបស់ប្រទេសថៃបានសម្តែងការព្រួយបារម្ភអំពីការគំរាមកំហែងនៃជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះ។ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃបានបង្ហាញថា ជំងឺនេះកំពុងត្រូវបានរកឃើញកើតឡើងកាន់តែខ្លាំងឡើងនៅក្នុងចំណោមប្រជាជនពេញវ័យ។
អគ្គនាយក DDC លោក អូប៉ាស កានកាវីនពុង បាននិយាយថា អ្នកជំងឺគ្រុនឈាមចំនួន ១៦ ២៧៦នាក់ត្រូវបានរកឃើញនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី១០ ខែសីហាឆ្នាំនេះ។ អ្នកជំងឺចំនួន ១៤នាក់ក្នុងចំណោមនោះបានបាត់បង់ជីវិត។ ក្រុមអ្នកជំងឺដែលបានស្លាប់ដែលមានអាយុលើសពី ៣៥ឆ្នាំបានកើនឡើងចំនួន ២,២ដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខេត្តដែលមានចំនួនអ្នកជំងឺគ្រុនឈាមច្រើនជាងគេតាមលំដាប់រៀងៗខ្លួន គឺខេត្តម៉ែហុងសុន ខេត្តឈៀងម៉ៃ ខេត្តអ៊ូបុន រ៉ាចាថានី ខេត្តតាក និងខេត្តស៊ីសាកេត។ សម្រាប់ឆ្នាំនេះ DDC រំពឹងថា ការផ្ទុះឡើងនៃជំងឺគ្រុនឈាមកាន់តែខ្លាំងឡើងស្របតាមវដ្តនៃការផ្ទុះឡើងនៃជំងឺនេះ។ នាយកដ្ឋាននោះបាននិយាយថា មានទំនោរទៅរកអត្រាប្រេវ៉ាឡង់កាន់តែច្រើននៃជំងឺក្នុងចំណោមអ្នកជំងឺពេញវ័យ។
អ្នកកើតជំងឺគ្រុនឈាមក្នុងរយៈពេលពី ២-៧ថ្ងៃមានអាការៈគ្រុនក្តៅស្រួចស្រាវ រួមផ្សំជាមួយនឹងឈឺក្បាល ឈឺខ្លួន មុខឡើងក្រហម និងចំណុចក្រហមតូចៗនៅលើស្បែក។ ចង្អោរ ក្អួត ឈឺពោះ និងបាត់បង់ចំណង់អាហារក៏អាចកើតមានផងដែរ។ អ្នកជំងឺគ្រុនឈាមភាគច្រើនមិនមានការក្អក ឬហៀរសំបោរទេ។ នៅពេលដែលគ្រុនក្តៅចាប់ផ្តើមធ្លាក់ចុះ ការថែទាំពិសេសត្រូវតែត្រូវបានអនុវត្តចំពោះអ្នកជំងឹ ដោយសារករណីស្លាប់ភាគច្រើនត្រូវបានសង្កេតឃើញជាទូទៅនៅក្នុងដំណាក់កាលនេះ។
អគ្គនាយក DDC បានស្នើឱ្យប្រជាពលរដ្ឋមើលថែទាំស្ថានភាពមនុស្សក្នុងគ្រួសារដែលធ្លាក់ខ្លួនមានអាការៈគ្រុនក្តៅ។ ប្រសិនបើគ្រុនក្តៅខ្លាំងនៅតែបន្តលើសពី ២ថ្ងៃ ហើយកម្តៅនោះនៅតែមិនអាចចុះបានតាមរយៈថ្នាំបន្ថយគ្រុនក្តៅ នោះនាំឱ្យមានការសង្ស័យថាជាជំងឺគ្រុនឈាម។ ក្នុងស្ថានភាពនេះ ថ្នាំអាស្ពីរីន និងថ្នាំអ៊ីប៊ុយប្រូហ្វេនត្រូវជៀសវាងប្រើប្រាស់ ហើយអ្នកជំងឺគួរតែប្រញាប់ទៅជួបគ្រូពេទ្យ។
លោកបណ្ឌិត អូប៉ាស បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យសម្អាតកន្លែងដែលអាចកើតមានមូសនៅជុំវិញផ្ទះ។ ការធ្វើដូច្នេះ អាចធ្វើឱ្យផ្ទះ និងបរិវេណជុំវិញផ្ទះមានអនាម័យ ហើយត្រូវរក្សាទុករបស់របរទាំងអស់ទាំងក្នុង និងជុំវិញផ្ទះប្រកបដោយរបៀបរៀបរយ និងទទួលពន្លឺព្រះអាទិត្យឱ្យបានគ្រប់គ្រាន់។ របស់ដែលមានដាក់ទឹកគួរមានគម្របបិទ ហើយថូគួរតែត្រូវបានផ្លាស់ប្តូរទឹកជារៀងរាល់សប្តាហ៍៕
ប្រភព៖ ក្រសួងព័ត៌មាន