ថៃ និងចិន អាចនឹងបើកជើងហោះហើរឡើងវិញនៅខែកញ្ញាខាងមុខ

0

បរទេស៖ ជើងហោះហើរដឹកអ្នកដំណើររវាងប្រទេសថៃ និងចិនអាចនឹងកើនឡើង ៥ដងនៅក្នុងខែកញ្ញាខាងមុខ ខណៈដែលអាជ្ញាធរបានពិភាក្សាគ្នាអំពីការបន្ថែមជើងហោះហើរដែលបានកំណត់ពេលបន្ថែមទៀតរវាងប្រទេសទាំងពីរ។

យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានឱ្យដឹងថា រដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន (CAAC) កាលពីពេលថ្មីៗនេះបានទាក់ទងអាជ្ញាធរថៃអំពីលទ្ធភាពនៃការបង្កើនជើងហោះហើរដឹកអ្នកដំណើររវាងប្រទេសចិន និងប្រទេសថៃ។ អាជ្ញាធរ CAAC បានស្នើឱ្យបង្កើនចំនួនជើងហោះហើរពីបីដងទៅដល់ដប់ប្រាំក្នុងមួយសប្តាហ៍។

អាជ្ញាធរ CAAC ក៏បានស្នើសុំបញ្ជីក្រុមហ៊ុនអាកាសចរណ៍ថៃដែលចាប់អារម្មណ៍ក្នុងការហោះហើរទៅកាន់ប្រទេសចិនផងដែរ ដើម្បីឱ្យអាកាសយានដ្ឋាននានារបស់ប្រទេសចិនអាចរៀបចំសម្រាប់ការបង្កើនចរាចរណ៍។ ឆ្លើយតបទៅនឹងសំណើនេះ អាជ្ញាធរ CAAT បានជួបជាមួយប្រតិបត្តិករអាកាសចរណ៍ថៃដើម្បីវាយតម្លៃអំពីចំណាប់អារម្មណ៍របស់ពួកគេ ដោយមានបំណងដាក់ផែនការហោះហើរទៅកាន់ CAAC ត្រឹមសប្តាហ៍នេះ។

អាជ្ញាធរ CAAT ទទួលស្គាល់ថា ប្រទេសចិននៅតែរក្សានូវវិធានការត្រួតពិនិត្យជំងឺយ៉ាងតឹងរ៉ឹង ហើយជើងហោះហើរបន្ថែមនឹងផ្តល់អាទិភាពដល់ការធ្វើដំណើរសម្រាប់គោលបំណងអាជីវកម្ម ឬការធ្វើដំណើរចាំបាច់រវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរ CAAT បាននិយាយថា អាជ្ញាធរថៃកំពុងរៀបចំសម្រាប់ការមកដល់បន្ថែមទៀតរបស់ភ្ញៀវទេសចរ នៅពេលដែលប្រទេសចិនបន្ធូរបន្ថយវិធានការរឹតបន្តឹងចំពោះការធ្វើដំណើររបស់ខ្លួន៕

ប្រភព៖ ក្រសួងព័ត៌មាន