នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា តេស្តវិជ្ជមានជំងឺកូវីដ១៩

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកចាប់ផ្តើមមានរោគសញ្ញាស្រាលកាលពីមួយថ្ងៃមុន។

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ដោយដកស្រង់ពីការិយាល័យនាយករដ្ឋមន្ត្រីថា ប្រមុខរដ្ឋាភិបាលជប៉ុនអាយុ ៦៥ឆ្នាំរូបនេះមានអាការៈគ្រុនក្តៅបន្តិច និងក្អកខ្លាំងកាលពីយប់ថ្ងៃសៅរ៍។ លទ្ធផលនៃការធ្វើតេស្ត PCR ដែលទទួលបានកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា លោកបានឆ្លងជំងឺកូវីដ-១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា លោក គីស៊ីដា ឥឡូវនេះកំពុងទទួលការព្យាបាលនៅឯគេហដ្ឋានផ្លូវការរបស់លោក។ ប្រពន្ធ និងកូនប្រុសច្បងរបស់លោក ឈ្មោះ សូតារ៉ូ ដែលធ្វើការជាលេខាធិការរបស់លោកត្រូវបានគេរាយការណ៍ថា ត្រូវបានកំណត់ជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ។

ការប្រកាសអំពីជំងឺរបស់មន្ត្រីកំពូលរូបនេះបានកើតឡើងចំពេលដែលកំពុងកើតឡើងនូវរលកទីប្រាំពីរនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសជប៉ុន។ សូម្បីតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទីពីរដែលលោក គីស៊ីដា បានទទួលកាលពីថ្ងៃទី១៦ ខែសីហា ក៏មិនអាចការពារលោកពីការឆ្លងជំងឺនេះបានដែរ។ សរុបមក លោកនាយករដ្ឋមន្ត្រីជប៉ុនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤ដង។

លោក គីស៊ីដា ត្រូវបានគេសន្មត់ថានឹងហោះហើរទៅកាន់ប្រទេសទុយនីស៊ីនៅក្នុងសប្តាហ៍នេះដើម្បីចូលរួមសន្និសីទអន្តរជាតិទីក្រុងតូក្យូលើកទី៨ ស្តីពីការអភិវឌ្ឍអាហ្វ្រិក (TICAD) ប៉ុន្តែឥឡូវនេះលោកត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះពីចម្ងាយ។

កាលពីថ្ងៃទី១៩ ខែសីហា ប្រទេសជប៉ុនបានចុះបញ្ជីនូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ជាង ២៦០ ០០០នាក់ដែលជាការកើនឡើងនៃករណីឆ្លងប្រចាំថ្ងៃដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះមក។ ជាសរុបប្រជាជនជាង ១៦,៩លាននាក់ត្រូវបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន និង ៣៦ ៧៧២នាក់បានស្លាប់៕

ប្រភព៖ ក្រសួងព័ត៌មាន