បរទេស៖ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនមក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀរ ហ្សេលេនស្គី បានធ្វើដំណើរជុំវិញពិភពលោកដោយថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភា និងទៅកាន់រដ្ឋាភិបាល និងអង្គការនានាជុំវិញពិភពលោក ដើម្បីសុំជំនួយក្នុងការប្រយុទ្ធជាមួយទីក្រុងមូស្គូ ជាជាងចូលរួមកិច្ចពិភាក្សាដោយផ្ទាល់ដើម្បីបញ្ចប់ជម្លោះ។
ជាផ្នែកមួយនៃដំណើរជុំវិញពិភពលោករបស់លោកដើម្បីប្រមូលផ្តុំការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែននោះ លោកប្រធានាធិបតី ហ្សេលេនស្គី បានព្យាយាមដើម្បីទទួលបានការគាំទ្រពីអាមេរិកឡាទីន ដោយលោកបានថ្លែងសុន្ទរកថាទៅកាន់និស្សិតសាកលវិទ្យាល័យឈីលី។
ទោះជាយ៉ាងនេះក្តី ការប្រឹងប្រែងទាំងនោះមិនបានជោគជ័យទេ ហើយបណ្តាប្រទេសភាគច្រើននៅអាមេរិកឡាទីន និងពលរដ្ឋរបស់ខ្លួនបានរក្សាភាពអព្យាក្រឹត ឬគាំទ្ររុស្ស៊ីនៅក្នុងជម្លោះនោះ ផ្ទុយពីបណ្តារដ្ឋលោកខាងលិចដែលលោក ហ្សេលេនស្គី ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ។ អ្នកវិភាគជាច្រើនបានប្រាប់សារព័ត៌មានស្ពុតនីកថា កង្វះការគាំទ្ររបស់លោក ហ្សេលេនស្គី នៅអាមេរិកឡាទីនត្រូវបានពន្យល់ដោយផ្នែក ដោយសារតែទំនាក់ទំនងដ៏រឹងមាំរបស់លោកជាមួយសហរដ្ឋអាមេរិក។
លោក Jorge Elbaum សង្គមវិទូ និងជាអ្នកកាសែតអាហ្សង់ទីនបានពន្យល់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការ «ឌីជីថលខ្ពស់» ដើម្បីបង្កើនមុខមាត់របស់លោក ហ្សេលេនស្គី នៅកម្រិតអន្តរជាតិ ប៉ុន្តែដោយសារតែរឿងនេះ តំបន់អាមេរិកឡាទីនចាត់ទុកលោកថាជា «អាយ៉ងរបស់សហរដ្ឋអាមេរិក»។ លោកបាននិយាយបន្ថែមថា លក្ខណៈបែបនេះបានរារាំងដល់ពលរដ្ឋ និងបណ្តារដ្ឋាភិបាលភាគច្រើននៅអាមេរិកឡាទីនពីការអាណិតអាសូរចំពោះលោក។
លោក Elbaum បានពន្យល់ថា «នៅអាមេរិកឡាទីនមានការមិនទុកចិត្តយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ហើយគ្រប់គ្នាមើលឃើញថា ការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងប្រតិបត្តិការទាំងនេះ គឺជាខ្សែស្រឡាយ ដែលវាមិនដំណើរការល្អចំពោះការប៉ុនប៉ងរបស់លោក ហ្សេលេនស្គី ក្នុងការចូលរួមជាមួយបណ្តាប្រទេសនៅភាគខាងត្បូងរីអូហ្រ្គេនដ៍»៕
ប្រភព៖ ក្រសួងព័ត៌មាន