នាវាដឹកផលិតផលកសិកម្មចំនួន ៤គ្រឿងបន្តចាកចេញពីអ៊ុយក្រែន

0

បរទេស៖ ក្រសួងការពារជាតិតួកគីបាននិយាយថា នាវាចំនួន ៤គ្រឿងដែលមានដឹកផលិតផលកសិកម្មបានចាកចេញពីកំពង់ផែអូដេសសា កំពង់ផែឆឺណូម៉ស់ក៏ និងកំពង់ផែនយូហ្ស៍នីរបស់ប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃអាទិត្យ ដោយកំពុងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគចំនួន ៣៣ ៣០០តោន។

នាវាផ្ទុកទំនិញដាលៀងដែលដឹកស្ករសចំនួន ១៤ ០០០តោនធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែកាន់សានរបស់ប្រទេសកូរ៉េខាងត្បូង។ នាវាហ្វ៊ីលយ៉ូហ្ស៍ដែលផ្ទុកប្រេងបន្លែចំនួន ៥ ០០០តោន នាវាគូប្រូស្ល៊ី អ៊ី ដឹកស្រូវសាលីចំនួន ១០ ០០០តោន និងនាវាហ្វូយលេដែលផ្ទុកប្រេងបន្លែចំនួន ៤ ៣០០តោន។ នាវាទាំងអស់នោះត្រូវធ្វើដំណើរទៅកាន់ប្រទេសតួកគី។

ការចាកចេញរបស់នាវាទាំងនោះត្រូវបានអនុម័តកាលពីមុនដោយមជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) នៅទីក្រុងអ៊ីស្តង់ប៊ុល។ ផលិតផលកសិកម្មពីប្រទេសអ៊ុយក្រែនត្រូវបាននាំចេញតាមច្រករបៀងមនុស្សធម៌ ដែលត្រូវបានគ្រប់គ្រងដោយតំណាងរបស់ JCC ។ ពួកគេក៏បានពិនិត្យមើលទៅលើនាវានីមួយៗផងដែរមុនពេលវាចូលទៅក្នុងច្រកសមុទ្របូសផូរូស។ វិធានការស្រដៀងគ្នានេះក៏ត្រូវបានអនុវត្តដែរចំពោះនាវាដឹកទំនិញស្ងួតទទេដែលភ្ជាប់ទៅនឹងប្រទេសអ៊ុយក្រែន៕

ប្រភព៖ ក្រសួងព័ត៌មាន