ប្រទេសឥណ្ឌូនេស៊ី ប្រកាសដំឡើងថ្លៃប្រេងឥន្ធនៈនៅសប្តាហ៏ក្រោយ

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី លោក លូហ៊ុត ប៉ាន់ដ៍ចៃតាន់ បាននិយាយកាលពីថ្ងៃទី១៩ ខែសីហាថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ អាចនឹងប្រកាសពីការដំឡើងថ្លៃប្រេងឥន្ធនៈនៅក្នុងសប្តាហ៍នេះ ដើម្បីកាត់បន្ថយការចំណាយទៅលើការឧបត្ថម្ភធនលើវិស័យថាមពល។

ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ បានបង្កើនថវិកាឧបត្ថម្ភធនលើវិស័យថាមពលដល់ទៅបីដងនៅក្នុងឆ្នាំ២០២២ ដែលឈានដល់តម្លៃ ៥០២ទ្រីលានរូពៀ (៣៣,៨២ប៊ីលានដុល្លារអាម៉េរិក) ចំពេលដែលតម្លៃប្រេងឥន្ធនៈមានការកើនឡើង ហើយប្រាក់រូពៀមានការធ្លាក់ចុះ។

លោកប្រធានាធិបតី វីដូដូ បាននិយាយកាលពីដើមសប្តាហ៍មុនថា លោកកំពុងពិចារណាទៅលើការឡើងថ្លៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី ស្រ៊ី មុលលីយ៉ានី អ៊ីនដ្រាវ៉ាទី បាននិយាយថា យើងទំនងជាត្រូវការថវិកាបន្ថែមទៀត ប្រសិនបើតម្លៃប្រេងឥន្ធនៈនៅតែរក្សាឱ្យនៅដដែលរហូតដល់ចុងឆ្នាំ។

នៅក្នុងការបង្រៀនជាសាធារណៈមួយនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងម៉ាកាសារនៃភាគខាងត្បូងរដ្ឋស៊ូឡាវេស៊ី លោក ប៉ាន់ដ៍ចៃតាន់ បាននិយាយថា ក្រសួងរបស់លោកបានបង្កើតគំរូសេដ្ឋកិច្ចមួយដើម្បីបន្ធូរបន្ថយផលប៉ះពាល់អតិផរណា។

អតិផរណារបស់ប្រទេសឥណ្ឌូណេស៊ីបានឡើងដល់កម្រិតខ្ពស់មួយក្នុងរយៈពេលប្រាំពីរឆ្នាំនេះ គឺ ៤,៩៤% កាលពីក្នុងខែកក្កដា ដោយសារការកើនឡើងតម្លៃចំណីអាហារ។ លោកប្រធានាធិបតីរូបនោះបាននិយាយថា ប្រសិនបើរដ្ឋាភិបាលមិនរក្សាតម្លៃប្រេងឥន្ធនៈ និងពន្ធទៅលើថាមពលមួយចំនួនមិនឱ្យមានការផ្លាស់ប្តូរទេនោះ អតិផរណាអាចនឹងកើនឡើងខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន