សិង្ហបុរីនឹងបង្កើនការទិញថាមពលអគ្គិសនី ពីប្រទសឡាវបន្ថែមទៀត

0

បរទេស៖ ប្រទេសសិង្ហបុរីកំពុងបង្កើនការទិញថាមពលអគ្គិសនីដែលផលិតនៅក្នុងប្រទេសឡាវ ដែលជាជំហានដំបូងនៃមហិច្ឆតារបស់ប្រទេសតូចមួយនេះដែលគ្រោងនឹងនាំចូលថាមពលកកើតឡើងវិញដែលប្រទេសនេះអាចផលិតនៅក្នុងប្រទេសខ្លួនក្នុងចំនួនមួយដ៏តិចតួច។

ក្រុមហ៊ុន Keppel Electric ដែលជាផ្នែកមួយនៃក្រុមហ៊ុន Keppel ដែលគាំទ្រដោយរដ្ឋ និងជាអ្នកទទួលបានអាជ្ញាប័ណ្ណដំបូងរបស់រដ្ឋាភិបាលថ្មីសម្រាប់ការនាំចូលថាមពលអគ្គិសនី បានចាប់ផ្តើមនាំចូលថាមពលវារីអគ្គីសនីពី Electricite du Laos (EDL) របស់ប្រទេសឡាវកាលពីក្នុងខែមិថុនា។ ក្រុមហ៊ុននោះនឹងនាំចូលថាមពលអគ្គិសនីរហូតដល់កម្លាំង ១០០មេហ្គាវ៉ាត់ក្នុងអំឡុងពេលសាកល្បងរយៈពេល ២ឆ្នាំ ហើយត្រូវបានគេរំពឹងថានឹងដំណើរការទៅលើទំហំពាណិជ្ជកម្មពេញលេញបន្ទាប់ពីនោះ។

ប្រទេសសិង្ហបុរីមានគោលបំណងសម្រេចឱ្យបាននូវការបំភាយកាបូនសុទ្ធកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០ ប៉ុន្តែទំហំ និងទីតាំងដ៏តូចរបស់ខ្លួនធ្វើឱ្យវាមិនសមស្របសម្រាប់ការផលិតថាមពលខ្យល់ កំដៅក្នុងផែនដី និងវារីអគ្គិសនី ដូច្នេះហើយប្រទេសនេះបានបង្កើតបណ្តាញថាមពលដ៏ធំទូលាយមួយ។

ផែនការនាំចូលថាមពលរបស់ប្រទេសសិង្ហបុរីត្រូវបានពង្រីករហូតដល់ប្រទេសអូស្ត្រាលី។ ក្រុមហ៊ុន Sun Cable របស់ប្រទេសអូស្ត្រាលីមានបំណងសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យមួយដែលមានទំហំ ១២ ០០០ហិកតានៅភាគខាងជើងនៃប្រទេស ជាមួយនឹងផែនការនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសសិង្ហបុរីតាមរយៈខ្សែកាបក្រោមបាតសមុទ្រប្រវែង ៤ ២០០គីឡូម៉ែត្រ។ ការវិនិយោគសរុបសម្រាប់គម្រោងនេះត្រូវបានប៉ាន់ប្រមាណថា មានជាង ៣០ប៊ីលានដុល្លារអូស្រ្តាលី (២១ប៊ីលានដុល្លារអាម៉េរិក)។ វាត្រូវបានគ្រោងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤ និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៩៕

ប្រភព៖ ក្រសួងព័ត៌មាន