បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ករណីដំបូងនៃជំងឺអុតស្វាត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលត្រូវបានរកឃើញនៅក្នុងទីក្រុងហ្សាការតា។
អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក ម៉ូហាំម៉ាដ ស៊ីយ៉ាហ៍រីល ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានអាន់តារ៉ាដែលបាននិយាយថា «ថ្ងៃនេះ មានអ្នកជំងឺម្នាក់ដែលបានបញ្ជាក់ថាមានជំងឹអុតស្វានៅទីក្រុងហ្សាការតា។ អ្នកជំងឺនោះ គឺជាបុរសអាយុ ២៧ឆ្នាំ ដែលបានទទួលរបាយការណ៍ពីការធ្វើតេស្ត PCR កាលពីយប់ថ្ងៃសុក្រ»។
លោក ស៊ីយ៉ាហ៍រីល បាននិយាយថា កាលពីពេលថ្មីៗនេះ អ្នកជំងឺរូបនោះបានធ្វើដំណើរទៅក្រៅប្រទេស ហើយបានកើតមាននូវរោគសញ្ញាស្រាលៗនៃអាការៈគ្រុនក្តៅ និងកន្ទួល។ លោកបាននិយាយបន្ថែមថា ស្ថានភាពរបស់បុរសនោះ គឺល្អ ហើយលោកមិនមានអាការៈធ្ងន់នោះទេ ដែលជាហេតុធ្វើឱ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីសម្រេចចិត្តមិនព្យាបាលលោកនៅក្នុងបន្ទប់ដាច់ដោយឡែក ប៉ុន្តែបានស្នើឱ្យអ្នកជំងឺនោះនៅដាច់ដោយឡែកដោយខ្លួនឯងនៅផ្ទះ។
អ្នកនាំពាក្យរូបនោះបាននិយាយថា អាជ្ញាធរកំពុងកំណត់អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺរូបនោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត ដោយលោកបានបញ្ជាក់ថា ករណីសង្ស័យថាកើតជំងឺអុតស្វាចំនួន ២៣ត្រូវបានធ្វើតេស្ត ហើយ ២២នាក់បានធ្វើតេស្តអវិជ្ជមានចំពោះមេរោគនេះតាមរយៈការធ្វើតេស្ត PCR ។
វីរុសជំងឺអុតស្វាមិនងាយឆ្លងទេ ហើយជាធម្មតាវាឆ្លងតាមរយៈការទំនាក់ទំនងជិតស្និទ្ធ រួមទាំងទំនាក់ទំនងផ្លូវភេទជាមួយអ្នកឆ្លង។ មេរោគនោះអាចចូលទៅក្នុងខ្លួនមនុស្សតាមរយៈស្បែកដែលខូច រលាកផ្លូវដង្ហើម ភ្នែក ច្រមុះ និងមាត់ និងតាមរយៈសារធាតុរាវក្នុងរាងកាយ។ វាមានដើមកំណើតនៅក្នុងសត្វ ដូចជាសត្វកកេរ និងសត្វព្រូន ហើយកើតឡើងនៅតំបន់ដាច់ស្រយាលនៃតំបន់អាហ្វ្រិកកណ្តាល និងអាហ្រ្វិកខាងលិច។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ករណីជំងឺអុតស្វាជាង ៣៥ ០០០នាក់ត្រូវបានរាយការណ៍នៅទូទាំងពិភពលោកនៅក្នុងប្រទេសជាង៩០ ហើយរហូតមកដល់ពេលនេះមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ១២នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន