ប្រទេសចិន និងថៃ​ ប្រកាសធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយហៅថា “Falcon Strike 2022”

0

បរទេស៖ ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាកាសចិន និងថៃ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅឯមូលដ្ឋានទ័ពអាកាសអ៊ុដនភូមិន្ទថៃក្នុងប្រទេសថៃ។

សមយុទ្ធរួមគ្នាដែលមានឈ្មោះថា «Falcon Strike 2022» នេះ គឺជាលើកទីប្រាំហើយដែលភាគីទាំងពីរបានធ្វើសមយុទ្ធរួមគ្នា។

ភាគីចិនបានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានទុកជាមុន (AEW) ខណៈដែលភាគីថៃបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន និងយន្តហោះ AEW សម្រាប់សមយុទ្ធ ដែលរួមមានវគ្គហ្វឹកហ្វឺនដូចជា ជំនួយផ្លូវអាកាស ការវាយប្រហារលើគោលដៅដីគោក និងការដាក់ពង្រាយកងទ័ពក្នុងទំហំតូច និងធំ។

សមយុទ្ធរួមគ្នានេះធ្វើឡើងក្នុងគោលបំណងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងមិត្តភាពរវាងកងទ័ពអាកាសនៃប្រទេសទាំងពីរ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគី ដើម្បីរួមគ្នាការពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

មេបញ្ជាការកងទ័ពអាកាសរបស់ប្រទេសចិននៃសមយុទ្ធរួមគ្នានេះបាននិយាយនៅក្នុងពិធីបើកសមយុទ្ធថា ជាមួយនឹងភាពស៊ីជម្រៅ និងទំហំនៃការធ្វើសមយុទ្ធរួមគ្នានេះត្រូវបានពង្រីកបន្ថែមទៀត កម្រិតបច្ចេកទេស និងយុទ្ធសាស្ត្ររបស់ភាគីទាំងពីរនឹងត្រូវបានកែលម្អ ហើយជំពូកថ្មីនៃមិត្តភាពនឹងត្រូវបានបង្កើតឡើងរវាងកងទ័ពអាកាសចិន និងថៃ។

ឧត្តមសេនីយ៍ឯក វ៉ាជីរ៉ាប៉ុន មឿងណយ បាននិយាយថា សមយុទ្ធនេះនឹងរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពអាកាសថៃ និងចិន ពង្រឹងសមត្ថភាពនៃកិច្ចសហការ និងកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ ព្រមទាំងពង្រឹងកម្រិតសន្តិសុខ និងកិច្ចការពារក្នុងតំបន់៕

ប្រភព៖​ ក្រសួងព័ត៌មាន