ពោធិ៍សាត់៖ កាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបុក រថយន្តម៉ាកកាំម៉ារីឆ្លាម បណ្តាលឲ្យខូចរថយន្ត១គ្រឿង តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សទេ។ ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវរថភ្លើង ត្រង់ចំណុចផ្លូវឆ្លងកាត់ ដែលស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថភ្លើងកំពុងបើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតៗដោយបានចុចស៊ីផ្លេជាច្រើនដង ដើម្បីផ្តល់ដំណឹងដល់ប្រជាពលរដ្ឋ, អ្នកដំណើរឬអ្នកបើកបរឆ្លងកាត់ផ្លូវរថភ្លើង ឲ្យប្រុងប្រយ័ត្ននិងមិនត្រូវឆ្លងកាត់ផ្លូវនៅពេលនេះឡើយ ប៉ុន្តែនៅពេលដែលរថភ្លើងជិតមកដល់ចំណុចផ្លូវឆ្លងកាត់ខាងលើ ស្រាប់តែមានរថយន្តម៉ាកកាំម៉ារីឆ្លាម ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ ២P .៨០៨៩ បើក បរ ដោយឈ្មោះ នូវ វង់ ភេទ ប្រុស អាយុ ៦៧ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ ភូមិ អន្សាចំបក់ ឃុំស្វាយស ស្រុក ក្រគរ ធ្វើ ចរាចរណ៍ ពីជើងទៅត្បូងឆ្លងកាត់ផ្លូវរថភ្លើង បណ្តាលឲ្យរថភ្លើងបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យខូចខាតរថយន្ត១គ្រឿង តែមិនបណ្តាលឲ្យរងរបួសមនុស្សទេ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ករណីរថភ្លើងបុករថយន្តខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន។ ចំពោះរថយន្តត្រូវបានម្ចាស់សុំយកទៅធ្វើការជួសជុលខ្លួនឯង។
លោកអធិការក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង គឺត្រូវឈប់មើលឆ្វេងមើលស្តាំឲ្យបានច្បាស់លាស់មុននឹងឆ្លងកាត់ ដើម្បីបង្ការនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ នៅតាមដងផ្លូវរថភ្លើង៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ