បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអបអរសាទរដល់សមភាគីឥណ្ឌា លោក ដ្រូប៉ាឌី មូម៉ា និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី ក្នុងឱកាសខួបលើកទី៧៥ នៃឯករាជ្យភាពរបស់សាធារណរដ្ឋនេះ។ នេះបើយោងតាមសារដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនៅលើគេហទំព័រវិមានក្រឹមឡាំង។
នៅក្នុងសារនោះបាននិយាយថា «ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ចាប់តាំងពីប្រទេសរបស់អ្នកទទួលបានឯករាជ្យមក វាបានសម្រេចបាននូវការទទួលស្គាល់យ៉ាងទូលំទូលាយនូវវឌ្ឍនភាពក្នុងវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ប្រទេសឥណ្ឌាទទួលបានសិទ្ធិអំណាចយ៉ាងសន្ធឹកសន្ធាប់នៅលើឆាកពិភពលោក ដោយដើរតួនាទីស្ថាបនាក្នុងការដោះស្រាយបញ្ហាបន្ទាន់នៅក្នុងរបៀបវារៈអន្តរជាតិ»។
លោក ពូទីន បាននិយាយនៅក្នុងសារនោះថា «ទំនាក់ទំនងរវាងរុស្ស៊ី-ឥណ្ឌាកំពុងអភិវឌ្ឍក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រដែលមានអភ័យឯកសិទ្ធិមួយ។ ទីក្រុងមូស្គូ និងញូវដេលីកំពុងសហការគ្នាដោយជោគជ័យនៅលើវិស័យផ្សេងៗ និងការធ្វើអន្តរកម្មប្រកបដោយប្រសិទ្ធភាពដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិ (UN) ក្រុមប្រទេសប្រ៊ីកស៍ (BRICS) អង្គការកិច្ចសហប្រតិបត្តិការស៊ាងហៃ (SCO) និងរចនាសម្ព័ន្ធពហុភាគីដទៃទៀត។ ខ្ញុំប្រាកដថា ការរួមគ្នានៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងនឹងធានាបាននូវការអភិវឌ្ឍបន្តទៀតនៃសំណុំទាំងមូលនៃទំនាក់ទំនងរវាងរុស្ស៊ី-ឥណ្ឌាប្រកបដោយផ្លែផ្កាសម្រាប់ជាប្រយោជន៍នៃប្រទេសទាំងពីររបស់យើង និងជាផលប្រយោជន៍នៃការពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសកលលោក»។
ប្រទេសឥណ្ឌាប្រារព្ធពិធីបុណ្យជាតិរបស់ខ្លួន គឺទិវាឯករាជ្យជាតិកាលពីថ្ងៃចន្ទ។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ នៅពេលពាក់កណ្តាលអធ្រាត្រ នាយករដ្ឋមន្ត្រីទីមួយនៃឯករាជ្យឥណ្ឌា លោក ចាវ៉ាហារឡាល នេរុហ៍ បានលើកទង់ជាតិបីពណ៌នៅលើបន្ទាយក្រហម ដែលបានក្លាយជានិមិត្តរូបនៃការដកចេញនៃអាណានិគមនិយមអង់គ្លេស៕
ប្រភព៖ ក្រសួងព័ត៌មាន