កងទ័ពចិន នឹងបង្ក្រាបចំពោះការប៉ុនប៉ងបំបែកកោះតៃវ៉ាន់ចេញពីចិនដីគោក

0

បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយកាលពីថ្ងៃចន្ទដោយអធិប្បាយទៅលើដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ថា កងទ័ពចិននឹងបញ្ចប់ផែនការរបស់កងកម្លាំងពីខាងក្រៅក្នុងការជ្រៀតជ្រែកចូលក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ប្រទេសចិន ហើយនឹងរារាំងចំពោះការប៉ុនប៉ងបំបែកកោះតៃវ៉ាន់ចេញពីចិនដីគោក។

អ្នកនាំពាក្យរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងទ័ពរំដោះប្រជាជនចិននឹងបន្តធ្វើសមយុទ្ធដើម្បីត្រៀមប្រតិបត្តិការប្រយុទ្ធ ហើយយើងនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយើង។ យើងនឹងកម្ទេចក្រុមផ្តាច់ខ្លួនតៃវ៉ាន់តាមគ្រប់មធ្យោបាយ និងរារាំងរាល់ការប៉ុនប៉ងរបស់កងកម្លាំងបរទេសដើម្បីជ្រៀតជ្រែក»។

គណៈប្រតិភូសភាសហរដ្ឋអាមេរិកដែលត្រូវបានដឹកនាំដោយព្រឹទ្ធសមាជិក លោក អេដ ម៉ាឃី (សមាជិកនៃគណបក្សប្រជាធិបតេយ្យរដ្ឋម៉ាសាឈូសេត) បានទៅដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីនោះ។ យោងតាមក្រសួងការបរទេសរបស់កោះនេះបានឱ្យដឹងថា គណៈប្រតិភូនោះរួមមានអ្នកនយោបាយ ៥នាក់មកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។

រដ្ឋាភិបាលចិនបាននិយាយម្តងហើយម្តងទៀតថា ការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់ទីក្រុងតៃប៉ិកាលពីថ្ងៃទី២ និងទី៣ ខែសីហា គឺជាការបង្កហេតុដែលគួរតែត្រូវបានគេមើលឃើញថាជា «សញ្ញាខុសចំពោះអ្នកបំបែកខ្លួនតៃវ៉ាន់»។ មួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចនោះ អាជ្ញាធរទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មទៅលើប្រធានសភារូបនេះ និងក្រុមគ្រួសាររបស់លោកស្រី ហើយបានបង្កកយន្តការអន្តររដ្ឋាភិបាលទ្វេភាគីមួយចំនួនសម្រាប់ការធ្វើអន្តរកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។

កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៤៩ នៅពេលដែលកងកម្លាំងគួមីនតាងដែលដឹកនាំដោយលោក ឈៀង កៃឆៀក (ឆ្នាំ១៨៨៧-១៩៧៥) ដែលនៅសេសសល់បានភៀសខ្លួនទៅទីនោះបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងសង្គ្រាមស៊ីវិលចិន។ ចាប់តាំងពីពេលនោះមក កោះនោះនៅតែរក្សាទង់ជាតិ និងលក្ខណៈមួយចំនួនផ្សេងទៀតនៃអតីតសាធារណរដ្ឋចិនដែលមាននៅចិនដីគោក មុនពេលបក្សកុម្មុយនិស្តឡើងកាន់អំណាច។ យោងតាមគោលជំហរផ្លូវការរបស់ប្រទេសចិនដែលគាំទ្រដោយប្រទេសភាគច្រើន រួមទាំងរុស្ស៊ីផងនោះ កោះនេះ គឺជាខេត្តមួយក្នុងចំណោមខេត្តរបស់ប្រទេសចិន៕

ប្រភព៖​ ក្រសួងព័ត៌មាន