បរទេស៖ កាលពីថ្ងៃចន្ទ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះក្រោម ១០០ ០០០នាក់ជាលើកដំបូងក្នុងរយៈពេល ៧ថ្ងៃ ដោយសារការធ្វើតេស្តតិចជាងកាលពីចុងសប្តាហ៍ ចំពេលដែលមានការរីករាលដាលនៃប្រភេទរងនៃវីរុសបម្លែងថ្មីអូមីក្រុងដែលអាចម្លងបានខ្លាំង។
ប្រទេសនេះបានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦២ ០៧៨នាក់ ដោយក្នុងនោះមាន ៣៩៦នាក់ជាករណីមកពីក្រៅប្រទេស ដែលនាំឱ្យចំនួនករណីឆ្លងសរុបឡើងដល់ ២១ ៤១៨ ០៣៦នាក់។ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA)។
តួលេខប្រចាំថ្ងៃបានបន្តលើសពី ១០០ ០០០នាក់សម្រាប់រយៈពេលប្រាំមួយថ្ងៃចុងក្រោយនេះ ជាមួយនឹងករណីឆ្លងថ្មីបានឈានដល់កម្រិតខ្ពស់រយៈពេលបួនខែ គឺចំនួន ១៥១ ៧៤៨នាក់កាលពីថ្ងៃពុធ។
KDCA បាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥០នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនករណីស្លាប់សរុបកើនឡើងដល់ ២៥ ៦៧៣នាក់។ អត្រាមរណភាពមានចំនួន ០,១២%។
ចំនួនអ្នកជំងឺធ្ងន់ធ្ងរបានកើនដល់ចមនួន ៥២១នាក់ ដោយកើនឡើងចំនួន ៩នាក់ពីមួយថ្ងៃមុន។ វាបានលោតឡើងច្រើនជាងប្រាំបីដងពីចំនួន ៦៥នាក់ដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី១៥ ខែកក្កដា។
ត្រឹមម៉ោង 9:០០យប់កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលក្នុងតំបន់បានរាយការណ៍ពីករណីបន្ថែមចំនួន ៨១ ៦៦៣នាក់ ដែលកើនឡើងពីចំនួន ៥៩ ៧៩០នាក់ដែលបានរាយការណ៍នៅពេលដូចគ្នាកាលពីមួយថ្ងៃមុន។
ករណីឆ្លងប្រចាំថ្ងៃត្រូវបានរាប់រហូតដល់ពាក់កណ្តាលអធ្រាត្រ ហើយប្រកាសនៅព្រឹកថ្ងៃបន្ទាប់៕
ប្រភព៖ ក្រសួងព័ត៌មាន