បរទេស៖ ប្រាក់បាតរបស់ប្រទេសថៃបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយមានសុទិដ្ឋិនិយមអំពីការនាំមុខគេនៃកំណើនទេសចរណ៍នៅក្នុងប្រទេសនៃតំបន់អាស៊ីមួយនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា រូបិយប័ណ្ណថៃបានហក់ឡើង ៤,៦% ដល់ប្រមាណ ៣៥,៣បាតក្នុងមួយដុល្លារអាម៉េរិកនៅក្នុងខែនេះ។ បន្ថែមពីលើការកើនឡើងនៃការព្យាករសម្រាប់ការទៅដល់របស់ភ្ញៀវទេសចរ វឌ្ឍនភាពនេះក៏ត្រូវបានជំរុញដោយការថយចុះនៃឱនភាពគណនីចរន្តដោយសារការធ្លាក់ចុះនៃតម្លៃប្រេងផងដែរ។
ការកើនឡើងនេះមានន័យថា ប្រាក់បាតថៃបានឡើងដល់កម្រិត ៣៥,២បាតថៃក្នុងមួយដុល្លារអាម៉េរិក ដែលត្រូវបានព្យាករសម្រាប់ត្រីមាសទី៤ ដោយអ្នកវិភាគដែលស្ទង់មតិដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg មុនពេលប្រទេសនេះរាយការណ៍អំពីទិន្នន័យ GDP របស់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា។
កាលពីដើមខែនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ១០លាននាក់នៅក្នុងឆ្នាំនេះ បើធៀបទៅនឹងការព្យាករចំនួន ៦,១លាននាក់កាលពីក្នុងខែមេសា។ ភ្ញៀវទេសចរត្រូវបានគេមើលឃើញថានឹងមានការកើនឡើងដល់ ៣០លាននាក់នៅឆ្នាំបន្ទាប់។
ការស្ទុះងើបឡើងវិញត្រូវបានពិពណ៌នាថាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសថៃ ដោយសារវិស័យដែលទាក់ទងនឹងការធ្វើដំណើរមានចំនួនប្រហែលមួយភាគប្រាំនៃសេដ្ឋកិច្ចរបស់ខ្លួននៅមុនពេលមានជំងឺរាតត្បាតកូវីដ-១៩៕
ប្រភព៖ ក្រសួងព័ត៌មាន