បរទេស៖ ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេររបស់ប្រទេសឥណ្ឌូណេស៊ីនឹងពង្រីកទីផ្សាររបស់ខ្លួនដើម្បីបំពេញតាមគោលដៅនាំចេញឱ្យឈានដល់តម្លៃពី ១៣-១៤ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមរដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសនេះ លោក អាហ្គូស ហ្កាំមីវ៉ាង ការតាសស្ម៊ីតា ។
លោក ការតាសស្ម៊ីតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧស្សាហកម្មវាយនភណ្ឌនៅតែបន្តមានដំណើរការល្អ ដែលភាគច្រើនត្រូវបានជំរុញដោយកំណើនយ៉ាងឆាប់រហ័សនៃការលក់តាមរយៈទម្រង់ពាណិជ្ជកម្មអេឡិចត្រូនិក ក៏ដូចជាការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគោលការណ៍និរន្តរភាពដែលស្របតាមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់កាបូន និងទឹកនៅក្នុងដំណើរការផលិតកម្ម។
មន្ត្រីរូបនេះបាននិយាយបន្ថែមថា នៅលើផ្នែកទំនិញ គោលការណ៍និរន្តរភាពក៏ត្រូវបានលើកទឹកចិត្តតាមរយៈការប្រើប្រាស់វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន និងការអនុវត្តគោលការណ៍សេដ្ឋកិច្ចរង្វង់ផងដែរ។
ដើម្បីពន្លឿនដល់ការអនុវត្តបដិវត្តន៍ឧស្សាហកម្មទីបួន ឧស្សាហកម្មវាយនភណ្ឌត្រូវបានគេរំពឹងថានឹងប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗជាច្រើនដើម្បីយកឈ្នះការប្រកួតប្រជែងជាសកល រួមទាំងបញ្ញាសិប្បនិម្មិត ក្រណាត់ថ្មីៗ ប្រព័ន្ធអ៊ីនធើណេត (IoT) ការវិភាគទិន្នន័យរហ័សសម្រាប់ការសម្របខ្លួនរហ័ស ពាណិជ្ជកម្មតាមទូរស័ព្ទ ប្រព័ន្ធការពិតនិម្មិត VR កម្មវិធីនិពន្ធអនឡាញ ការបោះពុម្ពប្រភេទ 3D បច្ចេកវិទ្យា blockchain និងការអនុវត្តប្រកបដោយចីរភាព។
ក្រសួងឧស្សាហកម្មបានផ្តួចផ្តើមជំហានជាយុទ្ធសាស្ត្រមួយនៅក្នុងទម្រង់ជាកម្មវិធីជំនួសការនាំចូល ៣៥% នៅក្នុងឆ្នាំ២០២២ ដើម្បីលើកទឹកចិត្តដល់ការកើនឡើងនៃការប្រើប្រាស់ឧស្សាហកម្មដែលមានស្រាប់ ក៏ដូចជាជំរុញការវិនិយោគនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ វាក៏កំពុងអនុវត្តកម្មវិធីរៀបចំរចនាសម្ព័ន្ធម៉ាស៊ីន និងឧបករណ៍ក្នុងឧស្សាហកម្មកែច្នៃក្រណាត់ និងការបោះពុម្ពក្រណាត់ផងដែរ។
យោងតាមលោក ការតាសស្ម៊ីតា បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានបង្ហាញឱ្យឃើញដើម្បីបង្កើនសមត្ថភាពផលិតកម្ម ការសម្រេចបាននូវការផលិត និងប្រសិទ្ធភាពថាមពលក្នុងចំនួន ២១,៧៥%, ២១,២២% និង ១១,៨៦% រៀងៗខ្លួន ព្រមទាំងបង្កើនបរិមាណលក់ទាំងក្នុងស្រុក និងតាមរយៈការនាំចេញឱ្យបាន ៦,៦៥% ៕
ប្រភព៖ ក្រសួងព័ត៌មាន