គណៈប្រតិភូមួយរបស់សភាសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់

0

បរទេស៖ វិទ្យាស្ថានអាមេរិកប្រចាំនៅកោះតៃវ៉ាន់ (ស្ថានទូតសហរដ្ឋអាមេរិកដែលមានឋានៈជាអង្គការមិនមែនពាណិជ្ជកម្ម) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូមួយរបស់សភាសហរដ្ឋអាមេរិកនឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា សមាជិកសភាដែលដឹកនាំដោយព្រឹទ្ធសមាជិក លោក អេដ ម៉ាកឃី នឹងទៅទស្សនកិច្ចនៅកោះនេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ស្ថានទូតសហរដ្ឋអាមេរិកដែលមានឋានៈជាអង្គការមិនមែនពាណិជ្ជកម្មនោះបាននិយាយថា «គណៈប្រតិភូនោះនឹងជួបប្រជុំជាមួយបណ្តាមេដឹកនាំជាន់ខ្ពស់តៃវ៉ាន់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម និងការវិនិយោគ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ការប្រែប្រួលអាកាសធាតុ និងបញ្ហាសំខាន់ៗផ្សេងទៀតនៃផលប្រយោជន៍ទៅវិញទៅមក»។

កាលពីថ្ងៃទី២ និងទី៣ ខែសីហា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រធានសភាតំណាងរាស្រ្តសរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។ ដំណើរទស្សនកិច្ចនេះជាទស្សនកិច្ចលើកដំបូងរបស់អ្នកនយោបាយអាមេរិកដែលមានឋានៈខ្ពស់បែបនេះទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំកន្លងមក។ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មប្រឆាំងនឹងលោកស្រី ប៉េឡូស៊ី និងក្រុមគ្រួសាររបស់លោកស្រី ហើយបានផ្អាកការងារនៃយន្តការអន្តររដ្ឋាភិបាលមួយចំនួនរវាងចិន-សហរដ្ឋអាមេរិក៕

ប្រភព៖ ក្រសួងព័ត៌មាន