អា​មេ​រិ​ករក​ឃើញ​ករណី​ឆ្លង​អុត​ស្វា​លើស ១០០០០​ករណី

0

បរទេស​៖ យោង​តាម​ទិន្នន័យ​ថ្មី​បំផុត​ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) ដែល​ជាទី​ភ្នាក់ងារ​សុខភាព​សាធារណៈ​ជាតិ​របស់​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​មាន​លើស​ពី​ចំនួន​សម្គាល់ ១០ ០០០​ករណី ដែល​ឈាន​ដល់​ចំនួន ១០ ៣៩២​ករណី​កាលពី​ថ្ងៃ​ពុធ​។

ផ្ទាំង​ទិន្នន័យ​របស់ CDC បាន​បង្ហាញ​ថា ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ១ ៣៩១​ករណី​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ ដែល​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល CDC បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ច្រើន​ជាង ១ ០០០​ករណី​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ ចាប់តាំងពី​ករណី​ឆ្លង​ដំបូង​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា​។

រហូត​មក​ដល់​ពេល​នេះ ករណី​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​នេះ​នៅ​តែ​មាន​ចំនួន​ជិត ៣០​ភាគរយ​នៃ​ចំនួន​សរុប​របស់​ពិភពលោក ដែល​មាន​ចំនួន ៣១ ៨០០​នាក់ បើ​ទោះបីជា​ចំនួន​ប្រជាជន​របស់​ប្រទេស​នេះ​មាន​ចំនួន​តិច​ជាង ៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក​ក៏​ដោយ​។

រដ្ឋបាល​លោក បៃ​ដិ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​បាន​ប្រកាស​អំពី​ជំងឺ​អុត​ស្វា​នេះ​ថា​ជា​គ្រាអាសន្ន​មួយ​ផ្នែក​សុខភាព​សាធារណៈ ជាង​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ថា​ជា​គ្រាអាសន្ន​សកលលោក​។

ក្រុម​អ្នក​រិះគន់​និយាយ​ថា អាជ្ញាធរ​សហរដ្ឋអាមេរិក​បាន​ធ្វើ​សកម្ម​ភាពយឺត​ពេក ហើយ​មិន​បាន​បំពេញតម្រូវការ​វ៉ាក់សាំង​ទេ ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​បន្ត​កើនឡើង​។

ព្រឹទ្ធ​សមាជិក​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា លោក ស្កូ​ត​ត៍ វែ​ន​ណឺ​រ បាន​និយាយ​ថា រដ្ឋាភិបាល​សហព័ន្ធ​អាច​រក្សា​ស្តុក​ទុក​នូវ​វ៉ាក់សាំង Jynneos ដែល​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា ដែល​ត្រូវ​បាន​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​សម្រាប់​ជំងឺ​អុត​ស្វា​នេះ​៕

ប្រភព៖ ក្រសួងព័ត៌មាន