លោក គី​ម ជុង​អ៊ុ​ន ធ្លាក់ខ្លួន​គ្រុនក្តៅ​! ស្រប​ពេល​កូរ៉េ​ខាងជើង​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩

0

បរទេស​៖ ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោកស្រី គី​ម យ៉ូ​ជុង ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ព័ត៌មាន​នៃ​គណបក្ស​ពលករ​កូរ៉េ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​ធ្លាក់ខ្លួន​ឈឺ​ក្នុងអំឡុងពេល​ដែល​មានការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​នេះ​។

លោកស្រី​បាន​ចង្អុលបង្ហាញ​ថា «​បើ​ទោះបីជា​មេដឹកនាំ​រូប​នេះ​ឈឺ​ធ្ងន់​ដោយ​ជំងឺ​គ្រុនក្តៅ​ខ្លាំង​ក៏​ដោយ ក៏​លោក​មិន​អនុញ្ញាត​ឱ្យ​ខ្លួនឯង​ដេក​មួយ​នាទី​ដែរ ដោយ​លោក​គិត​អំពី​ប្រជាជន​ដែល​លោក​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​»​។

នៅ​ពេល​មុន​នេះ លោក គី​ម ជុង​អ៊ុ​ន បាន​ប្រកាស​ពី​ជ័យជម្នះ​លើ​ការ​ឆ្លង​រាលដាល​ជំងឺ​រាតត្បាត​នេះ​។ អ្នកជំងឺ​គ្រុនក្តៅ​ជាង ៤,៧​លាន​នាក់​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ចាប់តាំងពី​ចុង​ខែមេសា​មក ហើយ ៩៩,៩% នៃ​ពួក​គេ​បានជា​សះស្បើយ​។ យោង​តាម​ទិន្នន័យ​ចុង​ក្រោយបង្អស់​របស់​ប្រទេស​នេះ​បាន​កត់ត្រា​ករណី​ស្លាប់​ចំនួន ៧៤​នាក់​។

ទន្ទឹម​នឹង​នេះ​ដែរ លោកស្រី គី​ម យ៉ូ​ជុង បាន​បញ្ជាក់​ថា ទីក្រុង​ព្យុ​ង​យ៉ាង​មានការ​ព្រួយបារម្ភ​អំពី​ការ​ពិត​ដែល​ថា ជំងឺ​រាតត្បាត​នេះ​បាន​ចាប់ផ្តើម​ឆ្លង​រាលដាល​នៅ​ក្នុង​តំបន់​ជាប់​ព្រំដែន​កូរ៉េ​ខាងត្បូង​។ លោកស្រី គី​ម យ៉ូ​ជុង បាន​និយាយ​បន្ថែម​ថា «​យើង​បាន​សន្និដ្ឋាន​ថា យើង​មិន​អាច​ព្រងើយកន្តើយ​នឹង​ការ​ហូរ​ចូល​ជា​បន្តបន្ទាប់​នៃ​សំរាម​ពី​កូរ៉េ​ខាងត្បូង​ទៀត​ទេ វា​គ្រាន់តែ​ជា​ឧក្រិដ្ឋកម្ម​ដែល​គ្មាន​សីលធម៌​។ រឿង​សំខាន់ គឺ​អា​យ៉ង​កូរ៉េ​ខាងត្បូង​នៅ​តែ​បន្ត​ផ្ញើ​ខិត្តប័ណ្ណ និង​វត្ថុ​កខ្វក់​ឆ្លងកាត់​ព្រំដែន​មក​កាន់​ទឹកដី​របស់​យើង​»​។ ក្រោយមក ទីក្រុង​សេ​អ៊ូ​ល​បាន​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​ទាំងនេះ​។

ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) របស់​កូរ៉េ​ខាងជើង​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា​ថា ប្រទេស​នេះ​បាន​រក​ឃើញ​ករណី «​ជំងឺ​គ្រុនក្តៅ​» ដំបូង​របស់​ខ្លួន​។ ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​ដល់​ចំនួន ៣៩២ ៩២០​នាក់​កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ហើយ​បន្ទាប់​មក​ករណី​ឆ្លង​នេះ​ក៏​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​។ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា អាជ្ញាធរ​បាន​ប្រកាស​ថា មិន​មាន​អ្នកជម្ងឺ​គ្រុនក្តៅ​ថ្មី​ត្រូវ​បាន​រាយការណ៍​នៅ​មួយ​ថ្ងៃមុន​នៅ​ក្នុង​ប្រទេស​នេះ​ទេ​៕

ប្រភព៖ ក្រសួងព័ត៌មាន