បរទេស៖ ក្រុមហ៊ុន PT Dirgantara Indonesia (PTDI) ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយរបស់ឥណ្ឌូណេស៊ី បានប្រគល់យន្តហោះប្រភេទ NC212i ចំនួនមួយគ្រឿងដល់នាយកដ្ឋានអាកាសចរណ៍ភ្លៀង និងកសិកម្មថៃ (DRRAA)។
លោក វីលឌែន អារីហ្វ នាយកផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងធនធានមនុស្សរបស់ក្រុមហ៊ុន PTDI បាននិយាយថា យន្តហោះដែលមានលេខកន្ទុយ AX-2129 បានហោះចេញពីអាកាសយានដ្ឋាន Husein Sastranegara ក្នុងខេត្តចាវ៉ាខាងលិច ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាសណាខនសាវ៉ាន់នៅក្នុងប្រទេសថៃ។
យោងតាមលោក អារីហ្វ បានឱ្យដឹងថា យន្តហោះប្រភេទ NC212i គឺជាយន្តហោះពហុគោលបំណងដែលអាចប្រើបានសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ ដឹកទំនិញ ការផលិតទឹកភ្លៀង ការដឹកជញ្ជូនទាហាន/ទាហានឆ័ត្រយោង និងប្រតិបត្តិការជម្លៀសផ្នែកវេជ្ជសាស្ត្រ។
លោកបានកត់សម្គាល់ថា លក្ខណៈបច្ចេកទេសនៃយន្តហោះប្រភេទ NC212i នេះ គឺល្អសម្រាប់លក្ខខណ្ឌភូមិសាស្ត្ររបស់ប្រទេសថៃ។
លោកបាននិយាយថា យន្តហោះប្រភេទមួយទៀតដែលសាកសមនឹងភូមិសាស្ត្ររបស់ប្រទេសថៃដែរនោះ គឺយន្តហោះប្រភេទ N219 ដែលត្រូវបានគេរំពឹងថានឹងក្លាយជាការទិញបន្ទាប់ដោយប្រទេសថៃ ដោយលោកបាននិយាយបន្ថែមថា យន្តហោះប្រភេទ NC212i មួយគ្រឿងទៀតនឹងត្រូវបញ្ជូនទៅប្រទេសថៃនៅចុងខែធ្នូ។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន PTDI បានផ្តល់ជូននូវយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន ៤៦៦គ្រឿងហើយសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕
ប្រភព៖ ក្រសួងព័ត៌មាន