បរទេស៖ ក្រសួងការងាររបស់ប្រទេសថៃកំពុងជំរុញសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃពី ៥-៨% នៅក្នុងខែតុលា ផ្ទុយពីការគ្រោងទុកពីដំបូងថានឹងធ្វើឡើងនៅដើមឆ្នាំក្រោយ។
រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ស៊ីឆាត ចុំគ្លីន បាននិយាយនៅវិមានរដ្ឋាភិបាលថា ប្រាក់ឈ្នួលអប្បបរមាអាចត្រូវបានកែសម្រួលនៅដើមខែតុលា ដោយសារតែការកើនឡើងនៃការចំណាយសម្រាប់ការរស់នៅ។ លោកបានកត់សម្គាល់ថា គណៈកម្មាធិការប្រាក់ឈ្នួលខេត្តបានកំណត់អត្រាអប្បបរមាថ្មីសម្រាប់ខេត្តរៀងៗខ្លួនរួចរាល់ហើយ ដោយលោកបាននិយាយបន្ថែមថា ក្រុមអាជ្ញាធរការងារនឹងបញ្ចប់ការបង្កើនប្រាក់ឈ្នួលនេះក្នុងពេលឆាប់ៗនេះ។
យោងតាមលោករដ្ឋមន្ត្រីក្រសួងការងាររូបនេះបានឱ្យដឹងថា ការកើនឡើងថ្មីដែលនឹងត្រូវបង្កើតឡើងនេះនឹងមានក្នុងអត្រា ១២ផ្សេងៗគ្នាដែលនឹងប្រែប្រួលចន្លោះពី ១បាតទៅ ២បាតសម្រាប់ខេត្តមួយចំនួន ហើយនឹងត្រូវបានអនុវត្តដោយផ្អែកទៅលើស្ថានភាព GDP នៃខេត្តនីមួយៗ។
លោក ស៊ូឆាត បានប្រគល់ភារកិច្ចនេះឱ្យក្រុមអ្នកជំនាញដើម្បីបញ្ចប់ប្រាក់ឈ្នួលអប្បបរមាថ្មីនៅចុងខែនេះ ដើម្បីអនុញ្ញាតឱ្យសំណើនេះត្រូវបានវិភាគឱ្យកាន់តែលម្អិតមុនពេលដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីពិចារណានៅក្នុងខែកញ្ញាខាងមុខ។
ដោយសារតែការរស់នៅ និងផលិតកម្មមានការចំណាយខ្ពស់នៅក្នុងខេត្តភូកេត តំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត និងទីក្រុងបាងកក លោក ស៊ូឆាត បានបង្ហាញថា ការដំឡើងប្រាក់ឈ្នួលដំបូងអាចចាប់ផ្តើមនៅក្នុងតំបន់ទាំងនោះមុន។
ប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃនៅប្រទេសថៃប្រែប្រួលចន្លោះពី ៣១៣បាតទៅ ៣៣៦បាតក្នុងខេត្តផ្សេងៗ។ ការកើនឡើងពី ៥-៨% នឹងមានចំនួនចន្លោះពី ១៦បាទទៅ ២៧បាតក្នុងមួយថ្ងៃ៕
ប្រភព៖ ក្រសួងព័ត៌មាន