ថៃ ពន្យា​ពេល​តម្លើង​ពន្ធគយ​លើ​ប្រេងឥន្ធនៈ

0

បរទេស​៖ រដ្ឋាភិបាល​ថៃ​នឹង​ពន្យារពេល​នៃ​ការ​ដំឡើង​ពន្ធគយ​លើ​ប្រេងឥន្ធនៈ​ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ខែសីហា​នេះ ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​ស្វែងរក​មធ្យោបាយ​បន្ថែម​ទៀត​ដើម្បី​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើប្រាស់​។

យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក ថា​ណា​កន វ៉ាង​ប៊ុ​ន​គង់​ចា​ណា បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ថៃ លោក​ឧត្តមសេនីយ៍ ប្រា​យុ​ធ ចាន​អូ​ចា កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ពិភាក្សា​អំពី​ការ​ដំឡើង​ពន្ធគយ​លើ​ប្រេងឥន្ធនៈ​ជាមួយ​ក្រសួង​ថាមពល និង​គណៈកម្មការ​ត្រួតពិនិត្យ​វិស័យ​ថាមពល​។ ភាគី​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​ថា ការ​ដំឡើង​ពន្ធគយ​លើ​ប្រេងឥន្ធនៈ​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​ខែកញ្ញា និង​បន្ត​រហូត​ដល់​ខែធ្នូ ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បាន​ណែនាំ​ឱ្យ​ស្វែងរក​វិធី​ឧបត្ថម្ភ​ធន​ទៅ​លើ​ថ្លៃ​អគ្គី​ស​នី​តាមតែ​អាច​ធ្វើ​ទៅ​បាន ជា​ពិសេស​សម្រាប់​ក្រុម​គ្រួសារ និង​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​។

អ្នកនាំពាក្យ​រូប​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​អំពី​ការ​ព្រួយបារម្ភ​របស់​លោកនាយក​រដ្ឋមន្ត្រី​អំពី​ផល​ប៉ះពាល់​នៃ​ការ​ដំឡើង​ពន្ធគយ​នេះ ដោយ​លោក​បាន​និយាយ​បន្ថែម​ថា រដ្ឋាភិបាល​កំពុងធ្វើការ​ងារ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​បាន​រំពឹង​ទុក ប្រសិនបើ​ការ​ដំឡើង​នេះ​មិន​អាច​ជៀស​បាន​នោះ​។ តម្លៃ​ថាមពល​បាន​កើន​ឡើងជា​បន្តបន្ទាប់​ដែល​ជា​លទ្ធផល​នៃ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី ដោយ​បង្ខំ​ឱ្យ​អាជ្ញាធរ​ធ្វើ​ផែនការ​កែសម្រួល​តម្លៃ​ប្រេងឥន្ធនៈ​ដើម្បី​រក្សា​តម្លៃ​ដែល​កំពុង​កើនឡើង​៕

ប្រភព៖ ក្រសួងព័ត៌មាន