ប្រទេស​មួយ​នេះ នឹង​សាកល្បង​ប្រើ​គម្រោង​តំបន់​សុវត្ថិភាព​ឆ្លាត​វៃ ៤.០ ដើម្បី​ជួយ​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម

0

បរទេស​៖ មន្ត្រី​នគរបាល​ជាតិ​ថៃ (RTP) មាន​បំណង​ចាប់ផ្តើម​ការ​សាកល្បង​នៅ​ទូ​ទាំង​ប្រទេស​នៃ​គម្រោង​តំបន់​សុវត្ថិភាព​ឆ្លាត​វៃ ៤.០ (SSZ 4.0) នៅ​ឆ្នាំ​ក្រោយ​នេះ ដែល​នឹង​ជួយ​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម​នៅ​ទូ​ទាំង​ប្រទេស​។

យោង​តាម​ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក​ឧត្តមសេនីយ៍ទោ ស៊ូ​រ៉ា​ឆាត ហាក់​ប៉ាន បានឱ្យ​ដឹង​ថា គម្រោង SSZ 4.0 ដែល​រួម​បញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា ដូច​ជា​ឧបករណ៍​ព្រមាន​អំពី​ឧក្រិដ្ឋកម្ម​ភ្លាម​ៗ និង​កាមេរ៉ា​ឆ្លាត​វៃ ដោយ​មានការ​ចូលរួម​ពី​សាធារណជន បាន​ទទួល​នូវ​មតិ​វិជ្ជមាន បន្ទាប់​ពី​ត្រូវ​បាន​សាកល្បង​ដោយ​ស្ថានីយ៍​នគរបាល​ចំនួន​១៥ នៅ​ក្នុង​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​។ RTP មាន​បំណង​ពង្រីក​គម្រោង​នេះ​ឱ្យ​បាន​ទូ​ទាំង​ប្រទេស​នៅ​ត្រឹម​ឆ្នាំ​២០២៣ ដោយ​លើក​ឡើង​ពី​ប្រសិទ្ធភាព​របស់​វា​ថា​ជា​ឧបករណ៍​ប្រឆាំង​ឧក្រិដ្ឋកម្ម​ដើម្បី​ការពារ​សាធារណៈជន​។

ជំនួយការ​អគ្គស្នងការ​រូប​នោះ​បាន​និយាយ​ថា ស្ថាប័ន​រដ្ឋបាល​ខេត្ត (PAOs) ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រៀម​ថវិកា​ចំនួន ២០​លាន​បាត​ដើម្បី​គាំទ្រ​ដល់​គម្រោង SSZ 4.0 នៅ​តាម​ស្ថានីយ៍​សុវត្ថិភាព​នានា​ក្នុង​ខេត្ត​របស់​ពួក​គេ​។ លោក​បាន​និយាយ​បន្ថែម​ថា អន្តរ​ប្រតិបត្តិការ SSZ 4.0 នឹង​ត្រូវ​បាន​ដាក់​បន្ថែម​ទៅ​ក្នុង​កម្មវិធី Traffy Fondue (TF) ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​។

ដោយ​ទទួល​បាន​មូលនិធិ​ដោយ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​នៃ​ប្រទេស​ថៃ (NRCT) គម្រោង SSZ 4.0 ផ្តល់​អាទិភាព​ដល់​សុវត្ថិភាព និង​ការ​ការពារ​តាម​រយៈ​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​។ គម្រោង​នេះ​បាន​ឈ្នះ​ពានរង្វាន់​បទ​ពិសោធ​ល្អ​បំផុត​នៅ​ក្នុង​សហគមន៍​នគរបាល នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មន្ត្រី​នគរបាល​ពិភពលោក​នៅ​ទីក្រុង​ឌូ​បៃ​នៃ​ប្រទេស​អា​រ៉ាប់​រួម​កាលពី​ក្នុង​ខែមីនា​ឆ្នាំ​នេះ​៕

ប្រភព៖ ក្រសួងព័ត៌មាន