បាត់ដំបង ៖ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស រួមនឹងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនក្រុមក្មេងប្រមូលផ្តុំតាមទីសាធារណៈ ០១លើក ស្ថិតនៅចំណុចក្រុមទី៣ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេងប្រមូលផ្តុំតាមទីសាធារណៈសរុបចំនួន ៧៩នាក់ (ស្រី ១៩នាក់) ក្នុងនោះបានរកឃើញមុខសញ្ញាជួញដូរថ្នាំញៀនចំនួន ០២នាក់ និងប្រើប្រាស់ដំបង កាំបិតចំនួន ០១នាក់ ។
វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ២៤គ្រាប់កន្លះ
-រួមនឹងអ្នកមានផ្ទុកសារធាតុញៀនចំនួន ០៦នាក់ ស្រីចំនួន ០៤នាក់ ។
បច្ចុប្បន្នក្រុមក្មេងប្រមូលផ្តុំតាមទីសាធារណៈចំនួន ៧៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចអនុញ្ញាតឲ្យអាណាព្យាបាលមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ