បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានអោយដឹងថាមហាសេដ្ឋី Elon Musk បានសរសេរនៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនកាលពីថ្ងៃសៅរ៍ថាលោកនឹងព្រមព្រៀងទិញ Twitter ប្រសិនបើបណ្តាញសង្គមមួយនេះ ព្រមបង្ហាញពីរបៀបដែលខ្លួនត្រួតពិនិត្យភាពត្រឹមត្រូវនៃគណនីរបស់អ្នកប្រើប្រាស់។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកប្រើប្រាស់ម្នាក់ទៀត លោក Musk បាននិយាយថា កិច្ចព្រមព្រៀងទិញ Twitter “គួរតែបន្តតាមលក្ខខណ្ឌដើម” ប្រសិនបើបណ្តាញសង្គមមួយនេះយល់ព្រមចែករំលែកជាមួយគាត់នូវវិធីសាស្ត្ររបស់ពួកគេសម្រាប់យកគំរូគណនីដើម្បីកំណត់គណនីនោះពិតប្រាកដ ឫក៏ក្លែងក្លាយ។
លោកបន្ថែមទៀតថា “ប្រសិនបើ Twitter គ្រាន់តែផ្តល់នូវវិធីសាស្ត្ររបស់ពួកគេក្នុងការយកគំរូគណនីចំនួន ១០០ និងរបៀបដែលពួកគេត្រូវបានបញ្ជាក់ថាវាជាគណនីពិត នោះកិច្ចព្រមព្រៀងទិញនឹងបន្តទៅតាមលក្ខខណ្ឌដើម”៕