ឆ្នេរសមុទ្រ​ថៃ​ដល់​ទៅ​២ បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​២០ នៃ​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅ​លើ​ពិភពលោក

0

បរទេស​៖ ឆ្នេរ​ចំនួន​២ របស់​ប្រទេស​ថៃ​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​២០ នៃ​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​ថ្មី​ៗ​នេះ​។ ជា​ការ​ឆ្លើយ​តប លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ដល់​បណ្តា​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ឱ្យ​បន្ត​រៀបចំ​ការ​ទៅ​ដល់​របស់​ភ្ញៀវ​ទេសចរ​បរទេស​។

កាសែត​ដេ​លី​ស្តារ​របស់​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​អំពី​ចំណាត់ថ្នាក់​នា​ពេល​ថ្មី​ៗ​នេះ​សម្រាប់​ឆ្នេរសមុទ្រ​ស្អាត​បំផុត​ទាំង​២០ របស់​ពិភពលោក​។ ចំណាត់ថ្នាក់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​វិភាគ​ទៅ​លើ​ការ​បង្ហោះ​រូបភាព និង​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម​អ៊ី​ន​ស្តារ​ក្រាម និង​ចំនួន​អត្ថបទ​របស់​ក្រុមហ៊ុន Google ដែល​មាន​ពាក្យ «​ស្រស់​ស្អាត​» សម្រាប់​ឆ្នេរសមុទ្រ​នីមួយ​ៗ​។

ឆ្នេរ​វេន​នី​សស៍​របស់​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​គេ ខណៈ​ដែល​ឆ្នេរ​សាន់​រ៉ា​យ​របស់​ប្រទេស​ថៃ​នៅ​ក្នុង​ខេត្ត​សា​ទុន​ជាប់​ចំណាត់ថ្នាក់​ទី​៦ និង​ឆ្នេរសមុទ្រ​ម៉ា​យ៉ា​បេ​យ​នៅ​ក្នុង​ខេត្ត​ក្រា​ប៊ី​ជាប់​ចំណាត់ថ្នាក់​ទី​១២​។

នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ធ ចាន់​អូ​ចា បាន​និយាយ​ថា ចំណាត់ថ្នាក់​នេះ​ឆ្លុះ​បញ្ចាំង​ពី​ប្រជាប្រិយភាព​របស់​ប្រទេស​ថៃ​ក្នុង​ចំណោម​អ្នកទេសចរ​ទូ​ទាំង​ពិភពលោក​។ ដូច្នេះ​ហើយ លោក​បាន​រំលឹក​សារ​ជា​ថ្មី​ដល់​បណ្តា​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ឱ្យ​ត្រូវ​រៀបចំ​ការ​ទទួលភ្ញៀវ​ទេសចរ​បរទេស​តាម​ផែនការ​ឆ្នាំ​២០២២ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។

ឆ្នាំ​២០២២ គឺជា​ឆ្នាំ​សម្រាប់​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ថៃ ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​អនុវត្ត​យុទ្ធនាការ​ទស្សនា​ប្រទេស​ថៃ​ឆ្នាំ​២០២២៖ ជំពូក​ថ្មី​ៗ​ដ៏​អស្ចារ្យ​។ ទិដ្ឋភាព​ថ្មី​នៃ​បទ​ពិសោធន៍​ទេសចរណ៍ គឺជា​ការ​ផ្តោត​សំខាន់​នៃ​យុទ្ធនាការ​នេះ​។ «​ជំពូក​ថ្មី​ៗ​ដ៏​អស្ចារ្យ​» នឹង​ស្វែងរក​បន្ថែម​ទៀត​នូវ​សារៈសំខាន់​សម្រាប់​ការ​ធ្វើ​ដំណើរ​នីមួយ​ៗ​ដែល​ធ្វើ​ឡើង​ដោយ​អ្នកទេសចរ ដែល​ត្រូវ​បាន​បដិសេធ​ឱកាស​ធ្វើ​ដំណើរ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។

នាយ​ឧត្តមសេនីយ៍ ប្រា​យុ​ធ ក៏​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​កាន់តែ​ច្រើន និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​មានការ​ពាក់ព័ន្ធ​ជាមួយ​ប្រជាជាតិ​ដទៃ​ទៀត​។ លោក​បាន​លើក​ឡើង​អំពី​មហោស្រព​ឥណ្ឌា​ភាគ​ឦសាន​នៅ​ទីក្រុង​បាងកក​នៅ​ចុងខែ​នេះ​ជា​ឧទាហរណ៍​។ ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​អគារ​ពាណិជ្ជកម្ម​សិន​ត្រល​វើ​ល​នៅ​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែកក្កដា​៕

ប្រភព៖ ក្រសួងព័ត៌មាន