វេជ្ជបណ្ឌិត​ព្រមាន​អ្នក​ប្រើប្រាស់​កុំ​សាកល្បង តាម​ការ​សម្ដែង ‘No poop July’ ដែល​កំពុង​ចែកចាយ​នៅ​ក្នុង​កម្មវិធី TikTok

0

បរទេស​៖ ‘No poop July’ គឺជា​ការ​សម្ដែង​លេងសើច​មួយ​ដែល​ពួក​គេ​ព្យាយាម​មិន​បន្ទោបង់​លាមក​ពេញ​មួយ​ខែកក្កដា ហើយ​វី​ដេ​អូ​នេះ​កំពុង​តែ​ត្រូវ​បាន​ចែកចាយ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម TikTok នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន NBC​។

វី​ដេ​អូ​បាន​បង្ហាញ​អ្នក​សម្ដែង​ដែល​ភាគច្រើន​ជា​បុរស​បែកញើស​ខ្លាំង ខណៈ​ពេល​ពួក​គេ​កំពុង​តស៊ូ​នឹង​ការ​ចង់​បន្ទោបង់ និង​មាន​ហ្វូង​មនុស្ស​អបអរសាទរ​ពួក​គេ​។ នៅ​ក្នុង​វី​ដេ​អូ​ក៏​មាន​បង្ហាញ​ចំនួន​ថ្ងៃ​ដែល​អ្នក​សម្ដែង​មិន​បាន​បន្ទោបង់​ផង​ដែរ​។

ទោះបីជា​វី​ដេ​អូ​ខ្លី​មួយ​នេះ​គឺ​គ្រាន់តែ​ជា​ការ​លេងសើច ប៉ុន្តែ​វេជ្ជបណ្ឌិត​មួយ​ចំនួន​មក​ពី​មន្ទីរពេទ្យ​ធំ​ៗ​នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើការ​ព្រមាន​ដល់​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង TikTok កុំ​ព្យាយាម​សាកល្បង​នឹង​ការ​លេងសើច​នេះ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​ពួក​គេ​។ វា​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ដូច​ជា ជំងឺ​ឬ​ស​ដូង​បាត ឬ​ការ​ពឹងផ្អែក​បណ្តោះអាសន្ន​លើ​ថ្នាំ​បញ្ចុះលាមក ដើម្បី​ធ្វើ​ឱ្យ​ចលនា​ពោះវៀន​មាន​ភាព​ធម្មតា​ឡើង​វិញ​។

គួរ​បញ្ជាក់​ដែរ​ថា មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ជា​ពិសេស​អ្នក​ប្រើប្រាស់​យុវវ័យ​ត្រូវ​បាន​រង​គ្រោះ​រហូត​ដល់​ស្លាប់​ដោយសារ​តែ​ប៉ុនប៉ង​ធ្វើ​តម្រាប់​តាម​វី​ដេ​អូ​ដែល​មាន​ក្នុង​កម្មវិធី TikTok​។ ជា​ឧទាហរណ៍ កាលពី​ចុងឆ្នាំ​កន្លង​ទៅ កុមារី​ម្នាក់​ដែល​មាន​អាយុ ១០​ឆ្នាំ​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ Pennsylvania បន្ទាប់​ពី​កុមារី​នោះ​បាន​ព្យាយាម​ធ្វើ​តម្រាប់​ប៉ុនប៉ង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ “blackout challenge” ដែល​ត្រូវ​បាន​ចែកចាយ​នៅ​លើ​វេទិកា​របស់ TikTok៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា