NATO នៅ​តែ​បន្ត​ខំប្រឹង​ប្រែង ដើម្បី​បង្កើត​ការ​គំរាមកំហែង​ផ្នែក​យោធា​ដល់​រុ​ស្ស៊ី

0

បរទេស​៖ ការិយាល័យ​សារព័ត៌មាន​របស់​ក្រុមប្រឹក្សាសន្តិសុខ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​រុ​ស្ស៊ី​បាន​ពិភាក្សា​គ្នា​អំពី​យុទ្ធសាស្ត្រ​របស់​ទីក្រុង​មូ​ស្គូ​ឆ្ពោះទៅ​រក​លោក​ខាងលិច ដោយ​គិតគូរ​ពី​ផលប្រយោជន៍​សន្តិសុខ​ជាតិ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ម៉ា​ឌ្រី​តរបស់​អង្គការ​ណា​តូ​កាលពី​ក្នុង​ខែមិថុនា​។

ការិយាល័យ​សារព័ត៌​មានបាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ក្រុមការងារ​នៃ​ក្រុមប្រឹក្សាសន្តិសុខ ស្តី​ពី​បញ្ហា​សកលលោក និង​សន្តិសុខ​អន្តរជាតិ​ថា «​ក្រុម​អ្នកជំនាញ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​រុ​ស្ស៊ី​បាន​ចង្អុលបង្ហាញ​ពី​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ណា​តូ​ក្នុង​គោលបំណង​បង្កើត​ការ​គំរាមកំហែង​ផ្នែក​យោធា​ដោយ​ផ្ទាល់​ចំពោះ​ប្រទេស​រុ​ស្ស៊ី​»​។

សេចក្តីថ្លែងការណ៍​នោះ​បាន​និយាយ​ថា កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ «​បាន​បង្ហាញ​សារ​ជា​ថ្មី​ម្តងទៀត​ថា សម្ព័ន្ធភាព​អា​ត្ល​ង់​ទិ​ក​ខាងជើង នៅ​តែ​បន្ត​ជា​យន្តការ​នៃ​ការ​ដាក់​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​សមូហភាព​លោក​ខាងលិច​»​។

ក្រុមប្រឹក្សាសន្តិសុខ​រុ​ស្ស៊ី​បាន​និយាយ​ថា «​វា​គួរតែ​ត្រូវ​បាន​កត់​សម្គាល់ថា ផ្ទុយ​ទៅ​នឹង​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អង្គការ​ណា​តូ សកម្មភាព​របស់​សម្ព័ន្ធមិត្ត​មិន​បាន​រួមចំណែក​ដល់​ការ​ធានា​ស្ថិរភាព​អន្តរជាតិ និង​ការ​ពង្រឹង​សន្តិសុខ​នៃ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​នោះ​ទេ​»​។

កិច្ចប្រជុំ​នោះ​បាន​ពិភាក្សា​គ្នា​ទៅ​លើ​សំណើ​ដែល​គួរ​ពិនិត្យ​មើល​នៅ​ក្នុង​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​។ កិច្ចប្រជុំ​នោះ​ត្រូវ​បាន​ដឹកនាំ​ដោយ​អនុ​លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​រុ​ស្ស៊ី លោក អា​ឡិច​សាន់​ដឺរ វេ​ណេ​ឌី​ក​តូ​វ​៕

ប្រភព៖ ក្រសួងព័ត៌មាន