បរទេស៖ យោងតាមទិន្នន័យពី ICE របស់ទីក្រុងឡុងដ៍ បានឱ្យដឹងថា តម្លៃឧស្ម័ននៅអឺរ៉ុបបានកើនឡើងលើសពី ២ ០០០ដុល្លារក្នុង ១ ០០០ម៉ែត្រគូប ជាលើកដំបូងចាប់តាំងពីដើមខែមីនាមក ដោយសារតែស្ថានភាពជុំវិញបញ្ហាបំពង់បង្ហូរឧស្ម័ន Nord Stream ។
តម្លៃនាពេលអនាគតក្នុងខែសីហានៅឯមជ្ឈមណ្ឌល TTF នៅប្រទេសហូឡង់បានកើនឡើងដល់ ២ ០០៣ដុល្លារក្នុង ១ ០០០ម៉ែត្រគូប ឬ ១៨៩,៧៥អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោង។
នៅមួយថ្ងៃមុន កំណើនសរុបនៃតម្លៃឧស្ម័ននៅអឺរ៉ុបក្នុងមួយថ្ងៃបានឈានដល់ ១២ភាគរយ ដោយសារតែសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Gazprom អំពីការបិទម៉ាស៊ីនទួរប៊ីនឧស្ម័នមួយផ្សេងទៀតនៅស្ថានីយ៍កុំប្រេស័រប៉ូរតូវ៉ាយ៉ា។ ជាលទ្ធផល ចាប់ពីថ្ងៃទី២៧ ខែកក្កដា ការបូមឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream នឹងថយចុះស្ទើរតែពាក់កណ្តាលមកនៅត្រឹម ៣៣លានម៉ែត្រគូបក្នុងមួយថ្ងៃពីចំនួន ៦៧លានម៉ែត្រគូបនាពេលបច្ចុប្បន្ន៕
ប្រភព៖ ក្រសួងព័ត៌មាន