បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បាននិយាយថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ និងជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលផែនការលក់អាវុធនោះ។
មានសេចក្តីរាយការណ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់មួយដែលមានតម្លៃដល់ទៅ ១០៨លានដុល្លារអាម៉េរិកនៃការគាំទ្របច្ចេកទេសយោធាដល់ការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិនៅសហរដ្ឋអាមេរិក។
ជាការឆ្លើយតប លោក វ៉ាង បាននិយាយថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន បានបំពានយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រវាងចិន-សហរដ្ឋអាមេរិកចំនួនបី ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិកយ៉ាងខ្លាំង ព្រមទាំងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
លោកបាននិយាយថា «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងនេះ»។
លោក វ៉ាង បាននិយាយថា ប្រទេសចិនជំរុញឱ្យភាគីសហរដ្ឋអាមេរិកគោរពគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមរវាងចិន-សហរដ្ឋអាមេរិក ឱ្យលុបចោលផែនការលក់អាវុធឱ្យតៃវ៉ាន់ និងបញ្ឈប់ការលក់អាវុធទៅឱ្យ និងទំនាក់ទំនងយោធាជាមួយតៃវ៉ាន់។
លោកបាននិយាយបន្ថែមថា «ប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន»៕
ប្រភព៖ ក្រសួងព័ត៌មាន