បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TASS បានអោយដឹងថាប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប បូរេល បាននិយាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបមិនមាន ហើយនឹងមិនមានការរឹតបន្តឹងដោយផ្ទាល់ទៅលើការនាំចេញជី និងអាហាររបស់រុស្ស៊ី និងការហាមឃាត់ទៅលើការទូទាត់របស់ពួកគេនោះទេ។
លោក បូរេល បានសង្កត់ធ្ងន់ថា កញ្ចប់ថ្មីនៃទណ្ឌកម្មប្រឆាំងរុស្ស៊ីដែលបណ្តារដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុបបានព្រមព្រៀងគ្នានោះ មិនមានអ្វីថ្មីទេ ហើយអាចចាត់ទុកថាជាទម្រង់ប្រសើរឡើងនៃកញ្ចប់ទណ្ឌកម្មបច្ចុប្បន្នដែលមានប្រសិទ្ធភាពនៅពេលនេះ។ លោកបាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃការដាក់ទណ្ឌកម្ម អាហារ និងជី គឺមិនស្ថិតនៅក្នុងកញ្ចប់ទណ្ឌកម្មទាំងនោះទេ។
លោកបាននិយាយថា «ប្រសិនបើមានការអនុលោមតាមច្បាប់ ប្រសិនបើមានការជៀសវាងទីផ្សារដោយតួអង្គសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយចំនួន យើងកំពុងព្យាយាមពន្យល់ពួកគេថា មិនមានអ្វីនៅក្នុងវិធានការរឹតបន្តឹងរបស់យើងដែលរារាំងពួកគេពីការនាំចេញ និងការទូទាត់ទៅលើអាហារ និងជីនោះទេ»។
លោក Borrell បានសង្កត់ធ្ងន់ថា យោងតាមសហភាពអឺរ៉ុប បញ្ហាស្បៀងអាហារសកលទាំងអស់គឺបណ្តាលមកពីការទប់ស្កាត់ការនាំចេញគ្រាប់ធញ្ញជាតិដោយសារតែជម្លោះនៅអ៊ុយក្រែនប៉ុណ្ណោះ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា រុស្ស៊ី អ៊ុយក្រែន និងតួកគីនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅឯកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលស្តីពីការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនតាមសមុទ្រ៕
ប្រភព៖ ក្រសួងព័ត៌មាន