ពុទ្ធោ​!! គ្រាន់តែ​មួយ​ថ្ងៃ ប្រទេស​អាស៊ី​មួយ​នេះ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ លើស ៤​ម៉ឺន​នាក់

0

បរទេស​៖ ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៃ​ជំងឺ​កូ​វី​ដ​-១៩ របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បន្ត​លើស​ពី ៤០ ០០០​នាក់​កាលពី​ថ្ងៃអាទិត្យ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ប្រភេទ​រង​ទម្រង់​ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង ដែល​ឆ្លង​ខ្លាំង​។

ទីភ្នាក់ងារ​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​កូរ៉េ (KDCA) បាន​និយាយ​ថា ប្រទេស​នេះ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ៤០ ៣៤២​នាក់ ដោយ​រួម ៣០៥​នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ដែល​នាំ​ឱ្យ​ចំនួន​ករណី​សរុប​កើនឡើង​ដល់ ១៨ ៧៦១ ៧៥៧​នាក់​។

តួលេខ​កាលពី​ថ្ងៃអាទិត្យ គឺ​ធ្លាក់​ចុះ​បន្តិច​ពី​ចំនួន ៤១ ៣១០​នាក់​កាលពី​ថ្ងៃ​សៅរ៍​។ ប៉ុន្តែ​វា​បាន​ក្លាយជា​តួលេខ​ខ្ពស់​បំផុត​សម្រាប់​ថ្ងៃអាទិត្យ​ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែមេសា នៅ​ពេល​ដែល​ករណី​ឆ្លង​បាន​ឡើង​ដល់​ចំនួន ៦៤ ៦៩៦​នាក់​។

គិត​ត្រឹម​ម៉ោង​៩:០០ កាលពី​ថ្ងៃអាទិត្យ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ចំនួន ២៥ ០៧៩​នាក់ ដែល​ប្រហែល​ទ្វេ​ដង​នៃ​អ្វី​ដែល​បាន​កើនឡើង​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ស​ប្តា​ហ៍​មុន​។ ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​រាប់​រហូត​ដល់​ពាក់កណ្តាល​អធ្រាត្រ ហើយ​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។

ប្រទេស​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ករណី​ឆ្លង​ចាប់តាំងពី​ចុងខែ​មិថុនា​មក ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ប្រភេទ​រង BA.5 នៃ​ទម្រង់​ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង ចំ​ពេល​ដែល​កំពុង​មានការ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ​។

ការ​រាប់​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​ដល់​ជាង ១០ ០០០​នាក់​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រហែល ៣​ស​ប្តា​ហ៍​មុន​ពេល​កើនឡើង​ដល់​ជាង ២០ ០០០​នាក់​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា និង​បន្ទាប់​មក​មាន​លើស​ពី ៤០ ០០០​នាក់​កាលពី​ថ្ងៃ​ពុធ​។ ចំនួន​អ្នក​ឆ្លង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ មាន​ចំនួន ៣៩ ១៨៦​នាក់ និង ៣៨ ៨៨២​នាក់​រៀង​ៗ​គ្នា​។

KDCA បាន​រាយការណ៍​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ១៤​នាក់​បន្ថែម​កាលពី​ថ្ងៃអាទិត្យ​ដោយ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​មាន​ចំនួន ២៤ ៧៤២​នាក់​។ អត្រា​អ្នក​ស្លាប់មាន​ចំនួន ០,១៣​ភាគរយ​។ អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​ចំនួន ៧១​នាក់ ដោយ​កើន​ពី​ថ្ងៃមុន​ដែល​មាន​ចំនួន ៧០​នាក់​៕

ប្រភព៖ ក្រសួងព័ត៌មាន