ប្រទេស​អាស៊ាន​មួយ​នេះ ប្រកាស​ពី​ការ​វាយលុក​ពីរ​លក​ទី​៤ នៃ​ជំងឺ​កូ​វី​ដ​១៩

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន VAN បានអោយ​ដឹង​ថា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កំពុង​ឈាន​ចូល​ទៅ​ក្នុង​រលក​ទី​បួន​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។ នេះ​បើ​យោង​តាម​ប្រធាន​ក្រុមការងារ​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌូ​ណេ​ស៊ី (IDI) លោក​សាស្ត្រាចារ្យ Zubairi Djoerban​។

លោក​សាស្ត្រាចារ្យ Zubairi Djoerban ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Antara ដែល​បាន​និយាយ​ថា ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ប្រចាំ​ថ្ងៃ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ចាប់ផ្តើម​កើនឡើង​ចាប់ពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២២ នៅ​ពេល​ដែល​ករណី​ឆ្លង​ត្រូវ​បាន​កត់ត្រា​ចំនួន ១ ៧៩៤​នាក់​។ ចាប់តាំងពី​ពេល​នោះ​មក ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​បង្ហាញ​ពី​និន្នាការ​កើនឡើង​។

លោក​បាន​និយាយ​បន្ថែម​ថា ជា​ការ​គួរ​ឱ្យ​កត់​សម្គាល់ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣ ៨២២​នាក់ និង​ករណី​ស្លាប់​ថ្មី​ចំនួន ១២​នាក់​ត្រូវ​បាន​កត់ត្រា​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា​។

លោក​បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​បន្ត​អនុវត្ត​តាម​ពិធីសារ​សុខភាព និង​ចាក់​វ៉ាក់សាំង​បង្ការ​ដូ​ស​ជំរុញ​ទី​៣ ឱ្យ​បាន​ឆាប់ ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩​។

យោង​តាម​ទិន្នន័យ​ពី​ក្រុមការងារ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ របស់​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បានឱ្យ​ដឹង​ថា ប្រជាជាតិ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន ៣ ៣៦១​នាក់​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​កើនឡើង​ដល់ ៦ ១១៦ ៣៤៧​នាក់​។

មូលដ្ឋាន​ដែល​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ច្រើន​បំផុត គឺ​ទីក្រុង​ហ្សា​ការ​តា​ដែល​មាន ១ ៥៩៤​នាក់ បន្ទាប់​មក​គឺ​កោះ​ចា​វ៉ា​ខាងលិច (៧២៨​នាក់​) កោះ​បាន​តេន (៣៩៣​នាក់​) កោះ​ចា​វ៉ា​ខាងកើត (២៧៩​នាក់​) និង​កោះ​បាលី (១២៥​នាក់​)៕

ប្រភព​៖ ក្រសួងព័ត៌មាន